ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្ដឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងខេត្តព្រះសីហនុ។ ជំនួបនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានរាយការណ៍ថា ខេត្តព្រះសីហនុមានសក្តានុពលលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ រួមមានផ្លូវគោក ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស និងផ្លូវល្បឿនលឿន។ ជាពិសេស ខេត្តនេះមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសារៈសំខាន់ក្នុងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមបានបន្តថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ខេត្តបានអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយបានស្ថាបនាផ្លូវចំនួន ៣៧ ខ្សែ និងសាងសង់សំណង់អភិវឌ្ឍជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញវិនិយោគ។
ជាមួយគ្នានេះ នៅឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញមកប្រកាសកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដែលផ្តល់ការលើកទឹកចិត្តសំខាន់ៗពីរចំណុច គឺ៖ ១. ការសម្រួលនីតិវិធីរដ្ឋបាល ការចេញអាជ្ញាប័ណ្ណ និងបែបបទនានា ដោយមិនយកថ្លៃសេវា និង២. ការលើកទឹកចិត្តផ្នែកពន្ធ។
តាមរយៈកម្មវិធីនេះ មានក្រុមហ៊ុនជាង ៤០០គម្រោង បានដាក់ពាក្យចូលរួម ក្នុងនោះមានគម្រោងអគារជាប់គាំងជាង ២០០ គម្រោង ហើយជាង ១០០គម្រោង កំពុងដំណើរការសាងសង់ឡើងវិញ។
ពាក់ព័ន្ធនឹងការងារដោះស្រាយបញ្ហាសង្គម ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងករណីមានបញ្ហាតាមព្រំដែន បងប្អូនប្រជាពលរដ្ឋដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ត្រូវបានអាជ្ញាធរខេត្តសម្របសម្រួលឲ្យចូលបម្រើការងារនៅរោងចក្រនានា ក្នុងតំបន់សេដ្ឋកិច្ចពិសេសទូទាំងខេត្ត ដោយរលូន។
ដោយឡែក សម្រាប់ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានទទួលពាក្យបណ្ដឹង និងសំណើផ្សេងៗសរុបចំនួន ៤៦៨ ករណី ក្នុងនោះ៖ ដោះស្រាយ និងសម្របសម្រួល៣៧ករណី, បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ៨៧ករណី, ឆ្លើយតបទៅម្ចាស់ពាក្យ១២២ករណី, ធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួង/ស្ថាប័នពាក់ព័ន្ធ ១៤ករណី, រក្សាទុកជាសំណុំឯកសារ ៩៤ករណី, សំណើផ្សេងៗ ៧៤ករណី និងកំពុងស្រាវជ្រាវសម្របសម្រួលបន្ត ៤០ករណី។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្ដឹង ដែលទទួលបានលទ្ធផលល្អ។ ឯកឧត្តមក៏បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងការគ្រប់គ្រងពន្ធនាគារខេត្តប្រកបដោយការគោរពសិទ្ធិមនុស្ស និងកិច្ចសហការជាមួយអង្គការដៃគូ។
ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់អនុសាសន៍ឲ្យបន្តពង្រឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ តាមរយៈការអភិវឌ្ឍយន្តការ “ច្រកចេញចូលតែមួយ” ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងឆ្លើយតបសំណូមពរប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា




















