អគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះថា ជនបរទេសសរុបជាង១ពាន់នាក់ សុទ្ធសឹងតែជាប់ពាក់ព័ន្ធជាមួយបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងស្នាក់នៅគ្មានលិខិតឆ្លងដែន ត្រូវបានមន្រ្តីជំនាញធ្វើបែបបទនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា។
ជនបរទេស១០៨៩នាក់ (ស្រី ៥៧នាក់)នេះ មាន១៤សញ្ជាតិ រួមមាន ចិន យ៉ូហ្គង់ដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន កូរ៉េ វៀតណាម ចិនតៃវ៉ាន់ ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា បង់ក្លាដេស កេនយ៉ា និងនេប៉ាល់។ សមត្ថកិច្ចកម្ពុជា បានបណ្តេញជនបរទេសទាំងនេះចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិវៀតណាមបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក កាលពីថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ការបណ្តេញជនបរទេសទាំងអស់នេះ ដោយសារពួកគេពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
ដោយ៖ ង៉ែត ពិសាន្ត
















