ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខេត្តពោធិ៍សាត់ឱ្យពលរដ្ឋប្រើទឹកសន្សំសំចៃខ្ពស់ក្រោយអាងស្តុកទឹកទំនប់ទី៣បើកបង្ហូរអស់មួយចំនួនធំ!

KPS99TV

សេចក្តីសង្ខេប

មន្ទីរធនធានទឹករៀបរាប់សមត្ថភាពអាង២៥,៥លានម៉ែត្រគូប និងតម្រូវការរដូវប្រាំង ហើយរំលឹកការព្យាករផ្គរ រន្ទះនិងខ្យល់កន្ត្រាក់នៅខែមេសា–ឧសភា។

អាងស្តុកទឹកទំនប់ទី៣ ដែលមានសមត្ថភាពស្តុកទឹកបាន២៥,៥លានម៉ែត្រគូប បានបើកទ្វាបង្ហូរទឹកជូនប្រជាកសិករសម្រាប់ប្រើប្រាស់អស់មួយចំនួនធំ។ ដូច្នេះដើម្បីរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំង មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃខ្ពស់បំផុត។

បើតាមមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈនេះថា «អាងស្តុកទឹកទំនប់ទី៣ មានលទ្ធភាពស្តុកទឹកបាន ២៥,៥លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រពលើវិស័យកសិកម្មនិងប្រើប្រាស់តាមដងស្ទឹងពោធិ៍សាត់។ ទោះបីជាយ៉ាងណា អាងស្តុកទឹកទំនប់ទី៣នេះ បានបើកបង្ហូរជូនដល់បងប្អូនប្រជាកសិករសម្រាប់ស្រោចស្រពការបង្កបង្កើនស្រូវប្រាំង និងស្រូវបន្ថែមទឹកចុងរដូវប្រាំងបានមួយចំនួនធំមកហើយ។ ដូច្នេះ ជាវិធានការរក្សាទឹកទុកលើការប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំងនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃខ្ពស់បំផុត ក្នុងប្រយោជន៍រួមសម្រាប់ខេត្តពោធិ៍សាត់»។

ជាការកត់សម្គាល់ ក្រៅពីការប្រើប្រាស់ទឹកសន្សំសំចៃ កន្លងទៅក្រសួងធនធានទឹក និងឧតុនិយម យោងតាមលទ្ធផលតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុ ក្រសួងក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភាដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…