ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបណ្ដេញជនបរទេស២២៥នាក់ ពាក់ព័ន្ធការចូលខុសច្បាប់ ការស្នាក់នៅគ្មានលិខិតឆ្លងដែន និងការងារខុសច្បាប់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ស្ត្រី៣៨នាក់ស្ថិតក្នុងចំណោមជនបរទេស២២៥នាក់ ដែលត្រូវបានបញ្ជូនតាមអាកាសយានដ្ឋានតេជោក្នុងថ្ងៃទី១៧–១៨ កុម្ភៈ។

ជនបរទេសពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តអនុវត្តវិធានការបណ្តេញចេញសរុបចំនួន ២២៥នាក់ (ស្រី ៣៨នាក់) មាន ១៣ សញ្ជាតិ រួមមាន៖ ចិន ហ្គាណា កេនយ៉ា ម៉ាឡេស៊ី ចិនតៃវ៉ាន ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី យូហ្គង់ដា ស្រីលង្កា ហ្វីលីពីន វៀតណាម និងហ្ស៊ីមបាប្វេ។

ការបណ្តេញចេញនេះ បានអនុវត្តតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ចំពោះការបណ្តេញជនបរទេសជាបន្តបន្ទាប់នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជាការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងចំពោះមេខ្លោងដែលស្ថិតនៅពីក្រោយនោះឡើយ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តល់សេរីភាព និងសម្របសម្រួលឱ្យវិលត្រឡប់ទៅប្រទេសដើមវិញផងដែរ។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…