ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បាត់ដំបងទទួលអ្នកមកលេងជាង៥៧៧០០នាក់ក្នុងថ្ងៃចូលឆ្នាំចិនពីរថ្ងៃ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

តួលេខសម្រាប់ថ្ងៃទី១៧–១៨ កុម្ភៈ ឆ្នាំ២០២៦ រួមទាំងពលរដ្ឋក្នុងតំបន់ ភ្ញៀវជាតិនិងអន្តរជាតិ។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ–អន្តរជាតិ សរុបជាង ៥៧,៧០០នាក់ បានធ្វើដំណើរកម្សាន្តក្នុងរយៈពេល ២ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រកបដោយភាពសប្បាយរីករាយ នៅតាមតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ចុះសម្របសម្រួលការរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងធានាសន្តិសុខសុវត្ថិភាព ដើម្បីបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយ ប្រកបដោយទំនុកចិត្ត សុខសុវត្ថិភាព និងស្នាមញញឹម ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ–អន្តរជាតិ ដែលបានមកលេងកម្សាន្តនៅខេត្តបាត់ដំបង។

ដោយឡែក ភ្ញៀវទេសចរដែលបានមកលេងកម្សាន្តនៅខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងលើកសរសើរអំពីសក្ដានុពលទេសចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រង ជាពិសេសគោលដៅទេសចរណ៍មួយចំនួនដែលស្ថិតនៅជាប់ប្រភពទឹក អមដោយទេសភាពបៃតង ខ្យល់ត្រជាក់ ព្រមទាំងម្ហូបអាហារឆ្ងាញ់ និងមានតម្លៃសមរម្យ អាចទទួលយកបាន។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង ជាទឹកដីដ៏ស្រស់ប្រិមប្រិយ មានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ និងម្ហូបអាហារ។ បច្ចុប្បន្ន ខេត្តមានគោលដៅទេសចរណ៍សរុបចំនួន ១១៥កន្លែង ក្នុងនោះរួមមាន រមណីយដ្ឋានទេសចរណ៍ ២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ៤កន្លែង តំបន់គោលដៅទេសចរណ៍ ៥៤កន្លែង សារមន្ទីរ ២កន្លែង ទេសចរណ៍បែបសាសនា ២៩កន្លែង និងគោលដៅកសិទេសចរណ៍ ៤កន្លែងផងដែរ។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…