ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីសុខាភិបាលជំរុញគុណភាពព្យាបាល និងការត្រៀមឆ្លើយតបជំងឺឆ្លង

KPS99TV

សេចក្តីសង្ខេប

ក្នុងកិច្ចប្រជុំថ្ងៃទី១៩ ខែកុម្ភៈ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានអំពាវនាវឱ្យពង្រឹងសេវាសុខាភិបាល ប្រសិទ្ធភាពការងារ និងការតាមដានជំងឺ ដើម្បីត្រៀមឆ្លើយតបទាន់ពេលវេលា។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្ទីរពេទ្យទូទាំងប្រទេស បន្តរួមគ្នាពង្រឹងការផ្តល់សេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ សមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ដែលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានដឹកនាំកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារកន្លងមក និងដាក់ចេញទិសដៅអនុវត្តបន្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងទទួលបានលទ្ធផលជាបន្តបន្ទាប់ គួរឱ្យមោទនភាព ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយធានាថា មិនមាននរណាម្នាក់ត្រូវបានទុកឱ្យខកខានការព្យាបាលឡើយ។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានណែនាំឱ្យបន្តពង្រឹងការអនុវត្តការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ព្រមទាំងជំរុញបេសកកម្មសុខាភិបាលថ្មីៗឆ្ពោះទៅការសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកល។ ទន្ទឹមនឹងនេះ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងទប់ស្កាត់ជំងឺឆ្លងនានា ដែលកំពុងមានការរាលដាលថ្មីៗ ជាពិសេសជំងឺផ្តាសាយបក្សី ជំងឺនីប៉ាហ៍ និងជំងឺឆ្លងផ្សេងៗ ដើម្បីធានាបាននូវការត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសុខាភិបាល រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គនាយករង ប្រធាននាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបានចូលរួមតាមប្រព័ន្ធ Zoom។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…