ខេត្តព្រះសីហនុ គ្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងដែលមានអ្នកចូលរួមរហូតដល់៥ពាន់នាក់ នៅថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ នឹងមានអមទៅដោយព្រឹត្តិការណ៍ធំៗចំនួន២ផ្សេងទៀតរួមមាន៖ សកម្មភាពវប្បធម៌ និងពិធីតាំងពិព័រណ៌។ មន្ទីរជំនាញបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីលើកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ នេះបើតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ។
បើតាមលោកតាំង សុចិត្តគ្រឹស្នា ការរៀបចំព្រឹត្តិការណ៍នេះ គឺផ្តោតទៅលើសកម្មភាព៣សំខាន់ៗ ទី១. បង្កើនការទាក់ទាញផ្នែកកម្សាន្តឱ្យភ្ញៀវទេសចរមកស្នាក់នៅឱ្យបានយូរ ប្រជាពលរដ្ឋមានការងារធ្វើនិងមានប្រាក់ចំណូល, ទី២. ចង់ផ្សព្វផ្សាយនៅតម្លៃវប្បធម៌ ផលិតផលក្នុងស្រុក និងទី៣. ចង់ផ្សព្វផ្សាយសក្តានុពលទាក់ទាញទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ។
ទន្ទឹមគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអំពាវនាវដល់វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ និងមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុឱ្យបានច្រើនកុះករ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុមានភាពទាក់ទាញ និងការប្រកួតប្រជែងបន្ថែ។ ក្រៅពីនេះ លោកប្រធានមន្ទីរ ក៏បានស្នើប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរឱ្យចូលរួមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវការគ្រប់គ្រងគោលដៅទេសចរណ៍មួយដែលមានភាពទាក់ទាញ សុវត្ថិភាព និងអនាម័យបរិស្ថានល្អ៕
ដោយ៖ ង៉ែត ពិសាន្ត








