ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុង និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជាអំណោយរបស់សប្បុរសជន ដើម្បីបម្រើផលប្រយោជន៍សាធារណៈនៅមូលដ្ឋាន និងកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលកំណើនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការអភិវឌ្ឍខេត្ត កំពុងកើនឡើងខ្លាំងនាពេលបច្ចុប្បន្ន។
ជាក់ស្តែង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍមូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ផ្លូវបេតុងអាមេ (បេតុងសរសៃដែក) នេះ មានប្រវែងសរុបប្រមាណជាង ៣៥០ ម៉ែត្រ និងទទឹង ៧,២៥ ម៉ែត្រ។ ការស្ថាបនាក៏បានរៀបចំប្រព័ន្ធលូរំដោះទឹកសងខាងផ្លូវ ដើម្បីធានាភាពប្រើប្រាស់បានយូរអង្វែង។ ក្នុងសកម្មភាពចុះពិនិត្យនេះ មានការចូលរួមពីអាជ្ញាធរក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យគុណភាព បច្ចេកទេស និងធានាសោភ័ណភាព ស្របតាមប្លង់គោលរបស់ក្រុង។
នាឱកាសនោះ លោកអភិបាលរងខេត្តព្រះសីហនុ បានសម្តែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន សម្រាប់កសាងផ្លូវបេតុងមួយខ្សែនេះ។ លោកបានបញ្ជាក់ថា ផ្លូវនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូន និងធ្វើដំណើរទៅមក ប្រកបដោយសុវត្ថិភាព និងផាសុកភាពកាន់តែប្រសើរ។
ជាមួយគ្នានេះ លោក មីន កុម្ភៈ អភិបាលរងខេត្ត ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដើម្បីធានាថា សមិទ្ធផលនេះអាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានយូរអង្វែងផងដែរ។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត
















