បញ្ហាសណ្តាប់ធ្នាប់ និងបញ្ហាសំរាម គឺជាបញ្ហាស្មុគស្មាញមួយដែលត្រូវនាំគ្នាដោះស្រាយ។ នៅពេលមានព្រឹត្តិការណ៍ និងពិធីតាំងពិព័រណ៌ផ្សេងៗនៅក្នុងខេត្តព្រះសីហនុ ពិសេសនៅទីលានតេជោ ឬតំបន់កន្ទុយនាគ គេតែងសង្កេតឃើញប្រជាពលរដ្ឋ និងអាជីវករលក់ដូរបោះចោលសំរាម និងបន្ទោបង់ពាសវាលពាសកាល បង្កជាក្លិនមិនល្អនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង។ ទាក់ទិននឹងបញ្ហានេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ចាត់វិធានការដោះស្រាយលើបញ្ហាទាំងនេះឱ្យបានទាន់ពេលវេលា ដើម្បីរក្សាបាននូវសោភណ្ឌភាព និងអនាម័យបរិស្ថានល្អ។
ក្នុងកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី ពិព័រណ៍ផលិតផល និងកម្មវិធីកម្សាន្តនានាសម្រាប់ឆ្នាំ២០២៦ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ លោក ឡុង ឌីម៉ង់ បានរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តថា លោកតែងតែណែនាំទៅកាន់ក្រុមហ៊ុនម្ចាស់សំណើតម្រូវឱ្យមានភ្នាក់ងារសន្តិសុខផ្ទាល់ដើម្បីដើរមើលក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសបានជួយមើលការទុកដាក់សំរាម និងអនាម័យបរិស្ថាន។
លោក ឡុង ឌីម៉ង់ ពន្យល់ថា ប្រសិនបើពួកគាត់ (ក្រុមហ៊ុនម្ចាស់សំណើ)មានការតឹងរឹងទៅលើចំណុចនេះ នោះអនាម័យបរិស្ថាននឹងល្អប្រសើរ។ ទន្ទឹមនឹងនេះ ក៏ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។ ដូច្នេះ បើពួកគាត់មានភ្នាក់ងារសន្តិសុខដើរមើល និងណែនាំទៅអាជីវករនូវបញ្ហាទាំងនោះ ម្ល៉េះហើយបញ្ហានេះប្រហែលជាមិនអីនោះទេ។
ពាក់ព័ន្ធការបន្ទោបង់ពាសវាលពាសកាល លោកអភិបាលរងខេត្ត លើកឡើងថា ដោយសារឥរិយាបថរបស់ប្រជាពលរដ្ឋមួយចំនួនមានការខ្វះសីលធម៌និងសុជីវធម៌ដោយបន្ទោបង់នៅកន្លែងគ្រលាតថ្មនៃទីលានតេជោដែលជាទីសាធារណៈបង្កជាក្លិនឆ្អេះឆ្អាបនាំឱ្យប៉ះពាលអនាម័យបរិស្ថាន។
ចំណែក លោក សរ កក្កដា អភិបាលក្រុង លើកឡើងថា លោកនឹងមានផែនការស្នើសុំឯកឧត្តមអភិបាលខេត្តដាក់អំពូលភ្លើង និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់ទីលានតេជោឬកន្ទុយនាគនោះផ្ទាល់ ដើម្បីតាមដានសកម្មភាពប្រជាពលរដ្ឋទប់ស្កាត់ការចោលសំរាម និងបន្ទោបង់ពាសវាលពាសកាល។ មិនតែប៉ុណ្ណោះ លោកអភិបាលក្រុង ក៏បានស្នើសុំដកព្រឹត្តិការណ៍មួយចំនួនមិនឱ្យរៀបចំនៅទីលានតេជោនោះទៀត ជាពិសេសនៅថ្ងៃបុណ្យទានធំៗដូចជាថ្ងៃចូលឆ្នាំខ្មែរជាដើម ដោយសារភ្ញៀវទេសចរមកលេងកម្សាន្តច្រើន និងចង់ថតរូបដើម្បីជាប់ទេសភាពសមុទ្រនិងអគារខ្ពស់ៗ ប្រសិនបើមានព្រឹត្តិការណ៍តាំងពិព័រណ៌ និងប្រគំតន្រ្តី នោះមិនអាចធ្វើទៅបាននោះទេ។ សំណើនេះ លោកអភិបាលក្រុងលើកតាមសំណូមពរពីប្រជាពលរដ្ឋសុំទុកទីតាំងនោះសម្រាប់ថតរូបនៅពេលមកលេងកម្សាន្ត ដោយសារទីតាំងនោះមានទេសភាពស្រស់ស្អាត។
សូមជម្រាបថា ខេត្តព្រះសីហនុ បានសម្រេចឯកភាពឱ្យរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី ពិព័រណ៌ផលិតផល និងកម្មវិធីកម្សាន្តនានាចំនួន៨ ក្នុងរយៈពេលពេញ១ឆ្នាំ២០២៦នេះ ដើម្បីទាក់ទាញភាពសប្បាយរីករាយ ភាពសម្បូរបែបនិងភាពចម្រុះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា











