ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបង្ហាញអង្គទូតពីការបង្ក្រាបឆបោក២០០ករណី និងចាត់វិធានការលើ៥០០នាក់

KPS99TV

សេចក្តីសង្ខេប

ក្នុងបទបង្ហាញថ្ងៃទី១៨ ខែកុម្ភៈ កម្ពុជាបានរាយការណ៍ពីការបង្ក្រាប២០០ករណី ចាត់វិធានការច្បាប់លើមេខ្លោងនិងអ្នកសមគំនិត៥០០នាក់ និងបណ្ដេញជនបរទេសជាង៨ពាន់នាក់។

ពាក់ព័ន្ធករណីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្រសួងការបរទេសកម្ពុជា បានធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេសទាំង២៥នៅរាជធានីភ្នំពេញ ថាកម្ពុជាបង្ក្រាបបាននៅទូទាំងប្រទេសចំនួន២០០ករណី ចាត់វិធានការច្បាប់ចំពោះមេខ្លោង និងអ្នកសមគំនិតចម្រុះជាតិសាសន៍ ៥០០នាក់ និងបណ្តេញជនបរទេសជាង៨ពាន់នាក់ចេញពីប្រទេស។

តាមរបាយការណ៍ដែលធ្វើបទបង្ហាញដោយឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយបានការសម្របសម្រួលពីលោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ក្រោមការគាំទ្រជាជំនួយបច្ចេកទេសពីដៃគូអន្តរជាតិ អាជ្ញាធរកម្ពុជាបានឆ្មក់ចូលបង្ក្រាបទីតាំងជាច្រើនកន្លែង ដកហូតវត្ថុតាងឌីជីថលជាច្រើន ហើយអាជ្ញាធរកំពុងយកចិត្តទុកដាក់ក្នុងការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនបរទេសជាច្រើនដែលត្រូវការឯកសារធ្វើដំណើរ និងការគាំទ្រដល់ការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេទៅកាន់ប្រទេសកំណើតវិញ។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ថាឧក្រិដ្ឋកម្មនេះគឺជាក្តីកង្វល់សកល ទាមទារការចូលរួមរបស់រាជរដ្ឋាភិបាលនៅគ្រប់កម្រិត និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ខណៈបណ្តាញឧក្រិដ្ឋជន បានសម្របខ្លួនដោយពង្រាយប្រតិបត្តិការទៅជាកន្លែងតូចៗ ឬតាមលំនៅដ្ឋាន ដែលបង្កើតជាបញ្ហាប្រឈមថ្មីក្នុងការបង្ក្រាប។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការស៊ើបអង្កេតនៅតែបន្ត ជាមួយនឹងការតាមដានលំហូរហិរញ្ញវត្ថុ និងកំចាត់បណ្តាញលាងលុយ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ចំណែក កិច្ចសហការរវាងប្រទេសកម្ពុជានិងដៃគូបរទេសនានានៅតែបន្តធ្វើយ៉ាងជិតស្និទ្ធ រួមមាន ប្រទេសចិន វៀតណាម សាធារណរដ្ឋកូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជាដើម៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…