នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bengaluru (អតីត Bangalore) រដ្ឋ Karnataka នៃ India ដើម្បីពិភាក្សាពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ លោក Karthik Tallam បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសសហគមន៍អាជីវកម្មនៅទីក្រុង Bengaluru និងតំបន់ជាប់ពាក់ព័ន្ធ។
ភាគីទាំងពីរបានផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្ត Siem Reap និងរដ្ឋ Karnataka ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងសម្ព័ន្ធមេត្រីភាព ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ២០២៥។ ជាពិសេស មានការពិភាក្សាអំពីកិច្ចខិតខំរួមគ្នាជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines បើកជើងហោះហើរត្រង់រវាងសៀមរាប និង Bengaluru ដើម្បីជំរុញកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាឲ្យកាន់តែច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់កុងស៊ុលកិត្តិយស ក្នុងការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានសក្តានុពលវិនិយោគខ្ពស់។ ទន្ទឹមនឹងនេះ ក៏បានស្នើឱ្យបន្តផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមរបស់កម្ពុជា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានមិនពិតដែលអាចប៉ះពាល់ដល់វិស័យទេសចរណ៍។
ជំនួបនេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា–ឥណ្ឌា និងជំរុញការតភ្ជាប់ផ្លូវអាកាស ដែលនឹងរួមចំណែកដល់កំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ដោយ៖ KPS99TV


















