យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅក្រុងសៀមរាបក្លាយជាការអ៊ូអរ ខណៈប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ–អន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ក្បួនតុក្កតាយក្សប្រចាំឆ្នាំ២០២៦។
ក្បួនដង្ហែបានចាប់ផ្តើមចេញពីវត្តដំណាក់ ឆ្ពោះទៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានការរៀបចំយ៉ាងអធិកអធម និងបង្កើតភាពសប្បាយរីករាយដល់អ្នកចូលរួមទស្សនា។
ព្រឹត្តិការណ៍ឆ្នាំនេះប្រារព្ធឡើងក្រោមប្រធានបទ «ក្បួនដង្ហែព្រៃ!» ក្នុងគោលបំណងអបអរសាទរ និងលើកកម្ពស់ការយល់ដឹងអំពីសត្វព្រៃដ៏អស្ចារ្យរបស់កម្ពុជា ចាប់ពីសត្វដែលគេស្គាល់យ៉ាងទូលំទូលាយ រហូតដល់ប្រភេទសត្វកម្រ និងជិតផុតពូជ។
តុក្កតាយក្សដែលត្រូវបានបង្ហាញក្នុងឆ្នាំ២០២៦ រួមមាន៖ ១. រមាំង ២. ព្រាបស ៣. ភេរោមច្រមុះ ៤. ដំរីអាស៊ី ៥. ទោចថ្ពាល់លឿង ៦. អំពិលអំពែក ៧. តុកកែខ្លួនបង្កង់ភ្នំក្រវាញ ៨. កេងកងធំ
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារអប់រំសាធារណជនអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីរួមចំណែកថែរក្សាបេតិកភណ្ឌធម្មជាតិឲ្យគង់វង្សសម្រាប់ជំនាន់ក្រោយ។
ដោយ៖ KPS99TV
















