ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត” របស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានថ្លែងថា ប.ស.ស. កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាប្រព័ន្ធសន្តិសុខសង្គមដ៏មានសារៈសំខាន់សម្រាប់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ។
ឯកឧត្តម បញ្ជាក់ថា ចាប់ពីការមានសមាជិកតិចជាង ៥០ម៉ឺននាក់ ប.ស.ស. បានពង្រីកដល់ជាង ៣,៥ លាននាក់ ក្នុងនោះស្រីជិត ២ លាននាក់ គិតត្រឹមឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថានជិត ៣ម៉ឺន បានចុះបញ្ជីចូលរួម ខណៈសមាជិកបានប្រើប្រាស់សេវាសុខាភិបាលសរុបជាង ៨ លានដង។
ប.ស.ស. ត្រូវបានមើលឃើញថា ជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដោយផ្តល់ឱកាសទទួលបានសេវាថែទាំសុខភាពកាន់តែល្អប្រសើរ កាត់បន្ថយបន្ទុកចំណាយ និងរួមចំណែកពង្រឹងមូលធនមនុស្ស ស្របតាមចក្ខុវិស័យរបស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
បច្ចុប្បន្ន ប.ស.ស. មានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូសរុប ១,៦១៧ កន្លែង ក្នុងនោះវិស័យសាធារណៈ ១,៤៤២ និងវិស័យឯកជន ១៧៥។ ទន្ទឹមនឹងនេះ ប្រព័ន្ធរដ្ឋបាលត្រូវបានធ្វើទំនើបកម្ម ដោយអនុវត្តបច្ចេកវិទ្យាឌីជីថល និងបង្កើតជម្រើសបង់ភាគទានតាមអនឡាញ ឬតាមធនាគារដៃគូ។ ប័ណ្ណសមាជិកតែមួយ អាចប្រើបានសម្រាប់សេវាថែទាំសុខភាព ហានិភ័យការងារ និងសោធន។ ក៏មានការយកចិត្តទុកដាក់ពិសេសលើមាតា ទារក និងសន្តិសុខស្មារតីនៅវ័យជរាផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមបានអំពាវនាវឱ្យអង្គសន្និបាតចូលរួមពិភាក្សាយ៉ាងសកម្ម ដើម្បីវាយតម្លៃលទ្ធផលការងារឆ្នាំកន្លងមក កំណត់បញ្ហាប្រឈម និងដាក់ចេញដំណោះស្រាយថ្មីៗ សំដៅពង្រីកវិសាលភាពគ្របដណ្តប់ និងធានានិរន្តភាពនៃប្រព័ន្ធ ប.ស.ស. ក្នុងអនាគត៕ ដោយ ៖ ឡាយ កុល















