ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់គ្រប់អ្នកសិល្បៈ និងអ្នករៀបចំពិធី សូមព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាននូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិកា និងសម្លៀកបំពាក់ទាំងឡាយ ដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា។ នេះបើតាមសេចក្តីអំពាវនាវរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
សេចក្ដីអំពាវនាវនេះធ្វើឡើងក្រោយពីថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការប្រើពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់សាសនាឥស្លាមផង។
ពិធីបុកល័ក្ត ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថាជាពិធី «ធ្វើធ្មេញ ឬធ្វើធ្មេញបំពេញល័ក្ត ឬបុកល័ក្ត» ឬតំបន់ខ្លះហៅថា «ធ្វើធ្មេញលេញល័ក្ត ឬកោសធ្មេញ» ក៏មាន។ ពិធីនេះជាទំនៀមទម្លាប់តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធី ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែមល្វីង ជូរ ចត់ ហឺរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំ មកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត។តាមទំនៀមទម្លាប់ ក្នុងពិធីបុកល័ក្ដតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬសាសនានោះឡើយ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះដោយមានការសម្តែងវែងឆ្ងាយពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ។ រីឯការសម្ដែងជាសិល្បៈ ភាគច្រើនគឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្តដោយជួបជាតិសាសន៍ផ្សេងៗ ដូចជាចិន ចាម្ប៉ា ជនជាតិដើមភាគតិចជាដើម។ល។
ក្រសួងបានបន្ថែមថា ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា៕ ដោយ ៖ ឡាយ កុល








