ក្រោយពីផ្ទុះការរិះគន់កម្លាំងនគរបាលស្រុកសន្ទុកចុះរឹតបន្ដឹងច្បាប់ចរាចរណ៍នៅចំណុចផ្លូវលំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញលិខិតបំភ្លឺជាសាធារណៈនៅថ្ងៃទី២៤ ខែកុម្ភៈនេះ។ ក្នុងលិខិតនោះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ពិតជាបានដាក់គោលដៅត្រួតពិនិត្យពិតប្រាកដមែន តែមិនបានផាកពិន័យដល់អ្នកបើកបរនោះទេ ។
បើតាមអ្នកនាំពាក្យរូបនោះ កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យ ផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរ មធ្យោបាយទាំងអស់នោះទេ គ្រាន់តែបានធ្វើការអប់រំណែនាំតែប៉ុណ្ណោះ ។ អ្នកនាំពាក្យដដែលនេះ បានបញ្ជាក់ទៀតថា ករណីនេះ ក៏គ្មានគោលការណ៍ពីថ្នាក់ដឹកនាំឱ្យចុះរឹតបន្តឹង នៅលើផ្លូវលំ (ផ្លូវដី) នោះដែរ។ ពោលស្នងការនគរបាលខេត្ត បានធ្វើការណែនាំបន្ថែមដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ចំពោះការរឹតបន្ដឹងច្បាប់ចរាចរណ៍ឱ្យអនុវត្តនៅតាមផ្លូវកៅស៊ូ និងផ្លូវជាតិតែប៉ុណ្ណោះ ៕
ដោយ៖ ង៉ែត ពិសាន្ត












