កុមារភៀសសឹកកម្ពុជា ស្នាក់នៅជំរុំសុវត្ថិភាពក្នុងវត្តច័ន្ទស៊ី ខេត្តបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែមពីអង្គការ Y-Farm ដែលជាអង្គការក្រៅរដ្ឋាភិបាល។
បើតាមលោក ល្វីស ហៅពូបារាំងជាជនជាតិបរទេសម្នាក់ ចូលរួមបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗរត់ភៀសសឹកមកពីភូមិព្រៃចាន់និងភូមិជោគជ័យ បាននិយាយថា លោកចង់ជួយការអប់រំដល់ក្មេងៗនិងយុវជនឱ្យមានចំណេះដឹង ព្រោះសង្គ្រាមកើតឡើងមានក្មេងៗនិងយុវជនជាច្រើនអត់បានចូលរៀន។
ជនជាតិបរទេសដែលអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់រូបនេះ និយាយបន្ថែមថា ក្រុមការងាររបស់លោក គឺមកបង្រៀនដល់កុមារតូចៗរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងបានបង្រៀនទាំងភាសាអង់គ្លេស និងភាសាខ្មែរ។ ក្នុងនោះ មានសិស្សានុសិស្សជាង ៦០០នាក់កំពុងស្នាក់នៅ និងរៀននៅជំរុំសុវត្ថិភាពវត្តច័ន្ទស៊ី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកមើលឃើញថា អនាគតក្មេងៗគឺវែងឆ្ងាយណាស់ ដូច្នេះលោកសង្កត់ធ្ងន់ថា ការចូលរួមចំណែកបណ្តុះបណ្តាលដល់ពួកគាត់ដែលកំពុងរស់នៅក្នុងជំរំភៀសសឹកនេះជាកិច្ចការងារដ៏សំខាន់ ប្រសិនបើក្មេងៗនិងយុវជន បោះបង់ចោលការសិក្សា នោះនឹងប៉ះពាល់ដល់អនាគតរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ៕
ដោយ៖ ង៉ែត ពិសាន្ត










