នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាប្រទេសមេគង្គ–ឡានឆាង (LMC) ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្ពោះទៅអនាគតនៃការងារ»។
សិក្ខាសាលានេះ មានការចូលរួមជាកិត្តិយសពីលោក CHEN Cong អគ្គទីប្រឹក្សា នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា តំណាងស្ថានទូតវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៣០នាក់។
ក្នុងឱកាសនោះ លោកជំទាវ ហ៊ឹម សុធារ័ត្ន បានបញ្ជាក់ថា គម្រោងក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាងនេះ មានគោលបំណងលើកកម្ពស់ភាពជាដៃគូរវាងបណ្តាប្រទេសសមាជិក លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តាមរយៈការពង្រឹងបណ្តាញទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធទូទាំងតំបន់។
គម្រោងនេះផ្តោតសំខាន់លើការធ្វើទំនើបកម្មកម្មវិធីសិក្សា ឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ការលើកកម្ពស់សមត្ថភាពគ្រូបណ្តុះបណ្តាល និងការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយ TVET ឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំ។
លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសជាមួយភាគីចិន និងបណ្តាប្រទេសក្នុងតំបន់មេគង្គ–ឡានឆាង ដើម្បីរួមចំណែកអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យមានគុណភាព និងប្រកួតប្រជែងបានក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនឱកាសការងារសមរម្យសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជា ឱ្យអាចសម្របខ្លួនបានយ៉ាងមានប្រសិទ្ធភាព ទៅនឹងការផ្លាស់ប្តូររហ័សនៃបច្ចេកវិទ្យា និងនិន្នាការទីផ្សារការងារនាពេលអនាគត៕ ដោយ៖ KPS99TV














