អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានបកស្រាយពន្យល់គណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភាថា កេរ្តិ៍ឈ្មោះខេត្តព្រះសីហនុ បច្ចុប្បន្នគ្រប់គ្រងសន្តិសុខបានល្អច្រើនណាស់បើតាមការវាយតម្លៃរបស់ក្រសួងមហាផ្ទៃដោយប្រៀបធៀបនឹងរាជធានី-ខេត្តផ្សេងៗ ប៉ុន្តែជាទស្សននៅក្រៅប្រទេស ជាពិសេសចិន និងប្រទេសផ្សេងៗទៀតឱ្យតែគេនិយាយអំពី Scam Online គឺគេនឹកឃើញដល់ខេត្តព្រះសីហនុមុនគេតែម្តង គេមិនដែលបាននឹកឃើញដល់ប្រទេសជិតខាងនោះទេ។
ការបកស្រាយពន្យល់របស់ឯកឧត្តម ម៉ាង ស៊ីណេត ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងគណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា និងរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈ។
ទាក់ទិននឹងបញ្ហានេះ ឯកឧត្តមអភិបាលខេត្ត ថាទោះបីយើងបានគ្រប់គ្រង់ការងារសន្តិសុខ សុវត្ថិភាពបានល្អប្រសើរ ប៉ុន្តែទស្សនរបស់ជនបរទេសនៅតែគិតថា ខេត្តព្រះសីហនុមានបញ្ហាសន្តិសុខសុវត្ថិភាពនៅមិនល្អ ពាក់ព័ន្ធនឹងរឿង Scam Online ។ យ៉ាងណា ឯកឧត្តម បញ្ជាក់ថា យើងបានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងកាស៊ីណូ៨៦ទីតាំងដែលជាប់ពាក់ព័ន្ធស្កេមអនឡាញ ពោលគឺនៅសល់តិចជាង១០ទីតាំងទៀតនោះទេនឹងត្រូវបញ្ជាក់នៅពេលឆាប់ៗនេះ។
ឯកឧត្តម ម៉ាង ស៊ីណេត បានពន្យល់ថា ពីមុនមករដ្ឋបាលខេត្តមិនអាចចូលទៅក្នុងគោលដៅកាស៊ីណូដែលមានអាជ្ញាបណ្ណបាននោះទេ ដោយសារតែមានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលមានក្រសួងសេដ្ឋកិច្ចជាប្រធាន។ ម៉្យាងវិញទៀត ខេត្តមិនមែនជាសមាជិករបស់គណៈកម្មការនេះនោះទេ។ ប៉ុន្តែនៅពេលមានយុទ្ធនាការបង្ក្រាប Scam Online ទើបរាជរដ្ឋាភិបាលបានឱ្យខេត្តមានសិទ្ធិចូលក្នុងការត្រួតពិនិត្យនិងអនុវត្តនិតីវិធី៕
ដោយ៖ ង៉ែត ពិសាន្ត










