ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិ៖ AOT ពិនិត្យទីតាំងស៊ីវិលដែលរងការខូចខាតនៅតំបន់អានសេះ

KPS99TV

សេចក្តីសង្ខេប

ក្រសួងការពារជាតិរាយការណ៍ថា AOT បានពិនិត្យលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធនៅអានសេះ រសៀលថ្ងៃទី២៦ កុម្ភៈ ដែលក្រសួងថារងការខូចខាតពីការវាយប្រហាររបស់ថៃកាលពីខែធ្នូ។

នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមានសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) នៃប្រទេសកម្ពុជា បានចុះពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងនោះរួមមាន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥នៅភូមិសាស្រ្តតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…