ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាប្រតិកម្មទៅអ្នកការទូតថៃចោទថាកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា

KPS99TV

សេចក្តីសង្ខេប

សេចក្ដីថ្លែងការណ៍ថ្ងៃទី២៧ កុម្ភៈថា ប្រាសាទសម្រាប់សន្តិភាព វប្បធម៌និងសាសនា ហើយបែងចែកការការពារសន្តិសុខពីការប្រើប្រាស់យោធា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារ ជាទីតាំងយោធា និងបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ។

កម្ពុជាបានអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាលជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបានរៀបចំអភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រមទាំងទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។

ចំណែក វត្តមានរបស់ឆ្មាំសន្តិសុខកម្ពុជា ដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ មិនអាចបកស្រាយថា ជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ។ ការគ្រប់គ្រងទីតាំងនេះ នៅតែស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែលមានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខណាមួយនៅទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង។ ដោយឡែក ការប៉ុនប៉ងពិពណ៌នាប្រាសាទព្រះវិហារថាជាទីតាំងយោធា គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែលមាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ជាថ្មីថា ប្រាសាទព្រះវិហារគឺជា ហើយនឹងនៅតែជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុងគោលបំណងយោធានោះទេ ហើយការការពារតំបន់បេតិកភណ្ឌពិភពលោកនេះ គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…