សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងឱ្យមានសោភ័ណភាព ស្អាត បៃតង និងទំនើប គឺជាកត្តាស្នូលដ៏សំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
ក្នុងសារលិខិតអបអរសាទរ “ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦” ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ដែលបានបង្ហោះជាសាធារណៈនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ សម្តេចធិបតីបានលើកឡើងថា ទីក្រុងជាមជ្ឈមណ្ឌលនៃជីវភាពរស់នៅ ការសម្រាកលម្ហែ សកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ នយោបាយ និងវប្បធម៌។ ដូច្នេះ ការរីកចម្រើនរបស់ទីក្រុង នឹងបង្កើតបរិយាកាសអំណោយផលសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។
សម្តេចធិបតីបានបន្ថែមថា ភាពជោគជ័យនៃវិស័យទេសចរណ៍ ក៏ជាចលករដែលជំរុញឱ្យទីក្រុងអភិវឌ្ឍបន្ថែម តាមរយៈការកើនឡើងនៃឱកាសសេដ្ឋកិច្ច ការវិនិយោគថ្មីៗ គំរូនគរូបនីយកម្មទំនើប ការអភិរក្សបេតិកភណ្ឌ ការគិតគូរពីនិរន្តរភាពបរិស្ថាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ។ កត្តាទាំងនេះ នឹងធ្វើឱ្យទីក្រុងកាន់តែមានភាពរស់រវើក មានគុណភាពសម្រាប់ការរស់នៅ ការប្រកបអាជីវកម្ម និងការទស្សនាកម្សាន្ត។
ក្នុងន័យនេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការរៀបចំ និងអភិវឌ្ឍទីក្រុង ត្រូវផ្តោតលើភាពស្អាត បៃតង បរិស្ថានល្អ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ សន្តិសុខសុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ព្រមទាំងការលើកកម្ពស់សុខុមាលភាពសង្គម និងបដិសណ្ឋារកិច្ចប្រកបដោយភាពរួសរាយរាក់ទាក់។ ជាពិសេស ត្រូវថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី និងបេតិកភណ្ឌទីក្រុង ដែលជាចំណុចទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឈរលើស្មារតីនៃប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» សម្តេចធិបតីបានប្តេជ្ញាបន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន ដោយបន្តគំរូដឹកនាំរបស់ ហ៊ុន សែន ក្នុងការលើកស្ទួយកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍មានគុណភាព និងប្រកួតប្រជែងក្នុងតំបន់។

ការប្រារព្ធទិវាជាតិទីក្រុងស្អាតឆ្នាំនេះ មានគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសយុវជន ឱ្យចូលរួមកាន់តែសកម្ម ក្នុងការអភិវឌ្ឍបៃតង ការថែរក្សាបរិស្ថាន ការផ្តល់បដិសណ្ឋារកិច្ចល្អ និងការរក្សានិរន្តរភាពទីក្រុងស្អាត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។
ដោយ៖ KPS99TV






