ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្ដែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត ដែលបានបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដោយចុះបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទោះបីជាបានផ្អាកសកម្មភាពមួយរយៈកន្លងមកក៏ដោយ។
ឯកឧត្តមបានបញ្ជាក់ថា សុខភាពប្រជាពលរដ្ឋគឺជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយសកម្មភាពរបស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងបង្កើនការចូលដំណើរការសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ ក្នុងនោះ ឯកឧត្តមក៏បាននាំយកសារសួរសុខទុក្ខពី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
យោងតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលសរុបជាង ៤០០នាក់ បានចូលរួមផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅ និងជំងឺឯកទេសជាច្រើនផ្នែក រួមមាន ជំងឺកុមារ ស្ត្រី ជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម ជំងឺផ្លូវដង្ហើម ពិនិត្យភ្នែក និងចែកវ៉ែនតា ព្យាបាលមាត់ធ្មេញ វិភាគឈាម ពិនិត្យអេកូសាស្ត្រ និងវះកាត់តូច។ សេវាទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺចំនួន ១៨លើក នៅតាមបណ្តាក្រុង-ស្រុកចំនួន ១២ ក្នុងខេត្តព្រៃវែង និងបានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបជាង ៦ម៉ឺននាក់។
សកម្មភាពលើកនេះ បន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគម ក្នុងការចូលរួមគាំទ្រវិស័យសុខាភិបាល និងរួមចំណែកលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ប្រកបដោយស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវសង្គម។ ដោយ៖ KPS99TV









