ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបណ្ដេញជនបរទេស១,៥០១នាក់ ថ្ងៃទី២៥–២៨ កុម្ភៈ ពាក់ព័ន្ធបទល្មើសនិងការស្នាក់នៅខុសច្បាប់

KPS99TV

សេចក្តីសង្ខេប

អគ្គនាយកដ្ឋានអន្តោប្រវេសន៍រាយការណ៍ការបណ្ដេញជនបរទេស១,៥០១នាក់ រួមមានស្ត្រី១៦២នាក់ ដោយពាក់ព័ន្ធករណីឆបោក ការឆ្លងដែន និងស្នាក់នៅឬធ្វើការខុសច្បាប់។

រាប់ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានជនបរទេសសរុបចំនួន ១,៥០១នាក់ (ស្រី ១៦២នាក់) ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីប្រទេសកម្ពុជា ដោយសារតែពួកគេភាគច្រើនជាប់ពាក់ព័ន្ធបទល្មើស Online Scams លួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់។

បើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្តេញជនបរទេសទាំងនេះចេញពីកម្ពុជា ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។

ជនបរទេសទាំង ១,៥០១នាក់នេះ មាន ២០សញ្ជាតិ រួមមាន ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន កេនយ៉ា ហ្វីលីពីន បង់ក្លាដេស សិង្ហបូរី វៀតណាម ជប៉ុន នីហ្សេរីយ៉ា កាមេរូន នេប៉ាល់ និងកូរ៉េ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៦៥៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះទៀតសោត គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…