មេប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកព្រឹន្ទបាលឯក មាស ដាវីត ត្រូវបានថ្នាក់លើដកបញ្ឈរជើង និងប្រគល់សំណុំរឿងជូនមន្រ្តីជំនាញដើម្បីស៊ើបអង្កេតបន្ត ក្រោយបែកធ្លាយព័ត៌មានថា មេប៉ុស្តិ៍ស្តីទីទំនើងរូបនេះប្រើអំពើហិង្សាលើប្រជាពលរដ្ឋបណ្តាលឱ្យរងរបួស កាលពីថ្ងៃទី២១ ខែកុម្ភៈ។
បើតាមលិខិតបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែមីនា បានបញ្ជាក់ថា លោកព្រឹន្ទបាលឯក មាស ដាវីត ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន និងតម្រូវឱ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីត្រួតពិនិត្យរង់ចាំការសម្រេចជាថ្មី។ ចំណែក សំណុំរឿងពាក់ព័ន្ធ ត្រូវបានប្រគល់ជូននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតបន្តលើករណីហិង្សាដោយចេតនាលើប្រជាពលរដ្ឋនេះ៕
ដោយ៖ ង៉ែត ពិសាន្ត













