ក្រុមការងារស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានប្រទះឃើញកូនផ្សោតទើបកើតថ្មី ១ក្បាល នៅត្រង់ចំណុចអន្លង់ អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ការប្រទះឃើញនេះបានធ្វើឡើងនៅវេលាម៉ោង ៩:៥០នាទីព្រឹក នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ខណៈកូនផ្សោតមានអាយុប្រមាណ ២ថ្ងៃ។
បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងកំពុងស្ថិតនៅក្នុងក្រុមផ្សោតធំមួយដែលមានចំនួន ៧ក្បាល ក្នុងនោះក៏មានផ្សោតពេញវ័យ លេខ៨១ ផងដែរ។
នេះគឺជាកូនផ្សោតកើតថ្មី ទី២ ក្នុងឆ្នាំ២០២៦ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបាន កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។
ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេល គណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
កិច្ចប្រជុំដែលនឹងរៀបចំធ្វើនៅ ក្រុងក្រចេះ នេះ នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការពិនិត្យឡើងវិញនូវលទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងពិគ្រោះយោបល់ និងដាក់ចេញផែនការសម្រាប់អនាគត ដើម្បីធានាថា ការគ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិធម្មជាតិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕ ដោយ៖ ប៉ៃ សុឃីម










