ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អគ្គស្នងការនគរបាលជាតិ ប្តេជ្ញាលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃស្ត្រីក្នុងជួរនគរបាលជាតិ

KPS99TV

សេចក្តីសង្ខេប

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ពីការគាំទ្រសមភាពយេនឌ័រ និងថ្លែងអំណរគុណមន្ត្រីនគរបាលជានារី នៅពិធីអបអរសាទរទិវាអន្តរជាតិនារី នាថ្ងៃទី៦ ខែមីនា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសការគាំទ្រយ៉ាងមុតមាំ និងបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃស្ត្រីក្នុងជួរកងកម្លាំងនគរបាលជាតិ ដោយអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការប្រកាសនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ស ស៊ីណា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាលជានារីជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ការប្រារព្ធ «ទិវានារីអន្តរជាតិ ៨ មីនា» គឺជាយុទ្ធនាការជាតិដ៏មានអត្ថន័យ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធទូទាំងប្រទេស ដើម្បីលើកកម្ពស់តួនាទី និងសិទ្ធិស្ត្រី ស្របតាមប្រធានបទដែលក្រសួងកិច្ចការនារីបានកំណត់ និងទទួលបានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ ទិវាអន្តរជាតិនារីក៏មានគោលបំណងរំលឹកពីប្រវត្តិនៃការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិ និងសេរីភាព ព្រមទាំងអបអរសាទរសមិទ្ធផល និងវឌ្ឍនភាពរបស់ស្ត្រីកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងកសាងជាតិ។ ទិវានេះក៏ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលស្ត្រីកំពុងជួបប្រទះ និងបង្ហាញពីការប្តេជ្ញាចិត្តរឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងសិទ្ធិស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីឱ្យក្លាយជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍជាតិ។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តខិតខំរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងជំរុញការលើកកម្ពស់សមភាពយេនឌ័រឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីនគរបាលជានារីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ ភាពអង់អាចក្លាហាន និងឆន្ទៈមោះមុត ក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…