សមាគមជំរុញការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ានបានបង្កើតឡើងនៅឆ្នាំ២០២៤ មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលចិន ដោយមានសមាជិកជាក្រុមហ៊ុនចម្រុះនានារបស់ចិនក្នុងវិស័យផ្សេងៗជាច្រើន បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃស្វាយចន្ទី និងការបង្កើតភណ្ឌាគារគយមានដែនកំណត់នៅកម្ពុជា។
បំណងរបស់សមាគមត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក វ៉ាង ថុង(Wang Tong) ប្រធានសមាគម។
ឯកឧត្តមអគ្គលេខាធិការ បានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ឯកឧត្តម បានស្នើឱ្យសមាគមជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគក្នុងវិស័យកសិកម្ម ដូចជាស្វាយចន្ទី ដំទ្បូងមី អង្ករ និងឈើដាំជាដើម។
ឯកឧត្តមអគ្គលេខាធិការ បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កែច្នៃស្វាយចន្ទីសមាហរ័ណ និងផ្តល់ការលើកទឹកចិត្តពិសេសដល់ការវិនិយោគនៅក្នុងតំបន់នេះ។
ឯកឧត្តម បានសម្តែងការគាំទ្រ និងស្វាគមន៍ដល់គម្រោងវិនិយោគកែច្នៃស្វាយចន្ទីនេះ និងបង្ហាញសុទិដ្ឋិនិយមថា គម្រោងដ៏វិសេសវិសាលនេះ នឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ៕
ដោយ៖ ង៉ែត ពិសាន្ត
















