ស្ថានីយប្រេងឥន្ធនៈ «សន្ដិភាព ឬ Peace» ១កន្លែង ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរងការផាកពិន័យជាទឹកប្រាក់៤លានរៀល និងធ្វើកិច្ចសន្យានៅនឹងកន្លែង កាលពីថ្ងៃទី៨ ខែមីនាម្សិលមិញ។ ការពិន័យនេះ ដោយសារស្ថានីយប្រេងនោះឆ្លៀតឱកាសលក់ប្រេងសាំងថ្លៃហួសហេតុផ្គើននឹងសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម។
មន្ត្រីជំនាញរកឃើញស្ថានីយប្រេង «សន្ដិភាព» លក់លើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងបានពិន័យម្ចាស់ទីតាំងភ្លាមៗ ព្រមទាំងបានធ្វើកិច្ចសន្យាឱ្យកែតម្រូវឱ្យស្របតាមច្បាប់និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។ ក្រៅតែពីចំណាត់ការជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាព នៃតម្លៃប្រេងឥន្ទនៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបន្ថែម។
ពាក់ព័ន្ធករណីនេះ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) បានចេញមុខសូមទោសចំពោះហេតុការណ៍ដែលបានកើតឡើង និងថ្លែងអំណរគុណចំពោះពលរដ្ឋដែលបានផ្តល់ព័ត៌មាន។ ក្រុមហ៊ុនអះអាងថា នឹងបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីធានាថា ស្ថានីយទាំងអស់របស់ខ្លួនគោរពតាមតម្លៃដែលបានកំណត់ ហើយផ្តល់សេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនអតិថិជន៕
ដោយ៖ ង៉ែត ពិសាន្ត












