ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អប្សរាស្នើឱ្យសាធារណជនសហការពេលមន្ត្រីសួរនាំការថតនៅអង្គរ

KPS99TV

សេចក្តីសង្ខេប

អាជ្ញាធរចង់ទប់ស្កាត់ការថតមិនសមរម្យ ការផ្សាយផលិតផលគ្មានការអនុញ្ញាត និងការរំខាន ដោយនៅតែគាំទ្រការថតអនុស្សាវរីយ៍ប្រកបដោយការគោរព។

សៀមរាប៖ សកម្មភាពមិនសមរម្យនៅក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរអប្សរាស្នើឱ្យសាធារណជនចូលរួមសហការ អាជ្ញាធរជាតិអប្សរាបានអំពាវនាវឱ្យសាធារណជនគ្រប់មជ្ឈដ្ឋានចូលរួមសហការជាមួយក្រុមភ្នាក់ងារទេសចរណ៍ និងក្រុមសណ្ដាប់ធ្នាប់ នៅពេលបំពេញភារកិច្ចសួរនាំពាក់ព័ន្ធនឹងការថតរូបភាព ឬវីដេអូមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ការអំពាវនាវនេះមានគោលបំណង ទប់ស្កាត់សកម្មភាពថត ដែលអាចមានចំណុចខ្វះខាត និងបង្កផលប៉ះពាល់ដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិដូចជា ការសម្ដែងឬថតផ្សេងៗ ដែលខុសពីក្រមប្រតិបត្តិអង្គរ ការស្លៀកសម្លៀកបំពាក់ មិនសមរម្យ ការដើរបង្ហាញម៉ូត ការធ្វើសកម្មភាពឆ្គាំឆ្គង ការថតផ្សាយផលិតផលដោយ គ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពថត ដែលអាចរំខានដល់ការទស្សនា របស់ភ្ញៀវជាតិ និងអន្តរជាតិ។ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា វិធានការទាំងនេះមានគោលដៅរួមគ្នា ដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិឱ្យបានគង់វង្ស។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមថែរក្សា និងផ្សព្វផ្សាយបេតិកភណ្ឌ វប្បធម៌ និងប្រពៃណីជាតិប្រកបដោយការគោរព។

អាជ្ញាធរជាតិអប្សរា ក៏បន្តគាំទ្រសកម្មភាពទស្សនា ការថតរូបអនុស្សាវរីយ៍ និងការថតវីដេអូដែលបង្ហាញពី ការគោរពស្រឡាញ់ចំពោះបេតិកភណ្ឌ វប្បធម៌ និងប្រពៃណីជាតិផងដែរ៕

ដោយ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…