ខេត្តព្រះសីហនុ៖ ពិធីសម្ពោធសាខាថ្មីរបស់ធនាគារ ABA នៅពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការជឿជាក់របស់អ្នកវិនិយោគលើប្រព័ន្ធធនាគារ សេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីសាខាក្រុមហ៊ុនក្នុងស្រុក ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ABA ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
លោក អាសខាត អាហ្សីខាណូវ (Askhat Azhikhanov) អគ្គនាយកធនាគារវឌ្ឍនៈអាស៊ីចំកាត់ ABA បានលើកឡើងថា សាខាថ្មីដែលបានបើកដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ គឺស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់។ តំបន់សេដ្ឋកិច្ចពិសេស គឺជាចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានរោងចក្រប្រមាណជាង ២០០ រោងចក្រ កំពុងដំណើរការ ហើយក៏បានទាក់ទាញវិនិយោគិនបរទេស បង្កើតឱកាសការងារ ជំរុញការនាំចេញ និងពង្រីកតួនាទីរបស់កម្ពុជា ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។
លោកបានបន្ថែមថា ខេត្តព្រះសីហនុ ក៏កំពុងបង្ហាញពីសក្តានុពលគួរឱ្យទាក់ទាញ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ធនាគារ ABA ក៏បន្តរីកចម្រើនស្របតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយនឹងការបើកដំណើរការសាខាថ្មីនេះ ធនាគារ ABA មានមោទនភាពដែលបានពង្រីកដល់ ១០៦ សាខា នៅទូទាំងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងបម្រើអតិថិជនប្រមាណ ៦លាននាក់ និងមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ ជាមួយទ្រព្យសកម្មសរុបលើសពី ១៦ ពាន់លានដុល្លារអាមេរិក។ សមិទ្ធផលទាំងនេះបង្ហាញពីទំនុកចិត្តរបស់អតិថិជន និងការផ្តល់សេវាកម្មដែលមានភាពងាយស្រួល សុវត្ថិភាព និងអាចទុកចិត្តបាន។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ តាងនាមឱ្យរដ្ឋបាលខេត្ត បានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាខាថ្មីរបស់ធនាគារ ABA ស្ថិតនៅក្នុងសង្កាត់បិតត្រាំង ក្រុងកំពង់សោម ដែលជាតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង ត្រូវបានប្រសិទ្ធនាមថា «តារានាទិសនិរតី» និងត្រូវបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគនេះ ដោយបានចាត់ទុកថា ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ ក៏ជាការផ្តល់នូវប្រព័ន្ធធនាគារដែលមានគុណភាព និងជាដៃគូហិរញ្ញវត្ថុដែលអាចទុកចិត្តបានសម្រាប់អតិថិជន ពិសេសការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្តព្រះសីហនុ និងបណ្តាខេត្តផ្សេងៗ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសនៅពេលសេដ្ឋកិច្ចជួបប្រទះបញ្ហាប្រឈមពីវិបត្តិខាងក្រៅ។
ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុ ក៏បានខិតខំអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យឯកជន តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងជាចលករជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យមានកំណើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យមានភាពល្អប្រសើរ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនមកបណ្តាក់ទុននៅខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ លោក ព្រាប សុភាព នាយកសាខា ABA ប្រចាំតំបន់ឆ្នេរ បានឱ្យដឹងថា ធនាគារ ABA មានចក្ខុវិស័យគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈតំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ដូច្នេះហើយ ABA បានពង្រីកសេវាកម្មរបស់ខ្លួនមកកាន់តំបន់នេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងសហគ្រាសនានា។
លោកបានបញ្ជាក់ថា សាខាថ្មីនេះ គឺជាសាខាទី៣របស់ធនាគារ ABA នៅក្នុងខេត្តព្រះសីហនុ ដោយសាខាទី១ ស្ថិតនៅក្រុងព្រះសីហនុ សាខាទី២ នៅស្រុកព្រៃនប់ និងសាខាទី៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងកំពង់សោម ខេត្តព្រះសីហនុ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត

















