ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងហាមឃាត់ដាច់ខាតការបង្ហោះយានអាកាសគ្មានមនុស្សបើក (Drone) គ្រប់ប្រភេទ នៅជុំវិញបរិវេណក្បែរទីតាំងប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមសេចក្តីជូនដំណឹង រដ្ឋបាលក្រុងបានឱ្យដឹងថា នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីនេះ រដ្ឋបាលក្រុងព្រះសីហនុ សូមធ្វើការហាមឃាត់ដាច់ខាតការបង្ហោះដ្រូនគ្រប់ប្រភេទ ដើម្បីថតរូប វីដេអូ ឬប្រមូលព័ត៌មានផ្សេងៗ នៅជុំវិញបរិវេណទីតាំងប្រារព្ធពិធី ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
អាជ្ញាធរបានបញ្ជាក់ថា ក្នុងករណីមានការបង្ហោះដ្រូនដោយគ្មានការអនុញ្ញាត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់សកម្មភាពភ្លាមៗ ហើយមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលអាចកើតឡើងនោះឡើយ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធានាឱ្យពិធីដ៏សំខាន់នេះប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព៕ ដោយ៖ KPS99TV







