ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់គោលជំហរដោះស្រាយជម្លោះព្រំដែន និងបញ្ហាទំនាស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ខណៈប្រទេសកម្ពុជាក៏បន្តលើកកម្ពស់ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ–ឈ្នះផងដែរ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសបែបបុរេសកម្ម និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមានការរក្សាអព្យាក្រឹតភាព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការលើកកម្ពស់សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជា កំពុងបន្តពង្រីកតួនាទីរបស់ខ្លួនលើឆាកអន្តរជាតិ ជាប្រទេសដែលគោរពច្បាប់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី។ បច្ចុប្បន្ន កម្ពុជាមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងការទូតចំនួន ៤៦ នៅទូទាំងពិភពលោក។
តាមរយៈការពង្រឹងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បន្តប្តេជ្ញាចិត្តលើការលើកកម្ពស់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងការគោរពគ្នាទៅវិញទៅមក។ ដោយ៖ KPS99TV









