ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សិក្ខាសាលានៅព្រះសីហនុពិភាក្សាអនុវត្តក្របខ័ណ្ឌប្រជាជន និងអភិវឌ្ឍន៍២០២៤–២០៣០

KPS99TVថតរូប:ទាវ វិឆាតសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សិក្ខាសាលាថ្ងៃទី១១ ខែមីនា បានណែនាំការរៀបចំផែនការ និងការតាមដានកម្មវិធីសកម្មភាព ICPD ដើម្បីពង្រឹងសមត្ថភាពគណៈកម្មាធិការខេត្ត និងមន្ត្រីថ្នាក់ក្រោមជាតិ។

ខេត្តព្រះសីហនុ៖ ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ ២០២៤-២០៣០ តាមដានកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ នឹងក្លាយជាឧបករណ៍សំខាន់ក្នុងការជួយកំណត់នូវមុខសញ្ញាដែលត្រូវបានគាំពារ និងសង្គ្រោះ ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរ។ នេះបើតាមការលើកឡើងដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាណែនាំអំពីការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ ២០២៤-២០៣០ និងការតាមដានកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ នៅថ្ងៃ ១១ ខែមីនា ឆ្នាំ ២០២៦ ក្នុងសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ និងអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការពិសេសតាមដានកម្មវិធីសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងសមាជិកគណៈកម្មាធិការផ្សេងៗ។

លោក ឡុង ឌីម៉ង់ បន្ថែមថា សិក្ខាសាលានេះមានសារៈសំខាន់ក្នុងការបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងផែនការ អគ្គលេខាធិការប្រជាជននិងអភិវឌ្ឍន៍ និងគណៈកម្មាធិការពិសេស តាមដានការអនុវត្តកម្មវិធី ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តនៅថ្នាក់ក្រោមជាតិ។

ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស យើងក៏ត្រូវប្រឈមនឹងបញ្ហាសង្គមមួយចំនួន ដូចជា តម្រូវការសេវាសុខភាពសម្រាប់មាតា ទារក និងកុមារ សម្រាប់កម្មករ កម្មការិនី និងយុវជន។ ការកសាងធនធានមនុស្ស គឺជាការវិនិយោគលើ ‘ប្រជាជន’ ដែលមានតម្លៃបំផុត។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ មានការយល់ដឹងខ្ពស់លើការរៀបចំផែនការគ្រួសារ និងទទួលបានការពារប្រឆាំងអំពើហិង្សា នឹងក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុឱ្យក្លាយជាច្រកទ្វារសេដ្ឋកិច្ចដែលមានឥទ្ធិពលលើឆាកអន្តរជាតិ។

នៅឱកាសនោះ ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងថា សិក្ខាសាលានេះមានគោលបំណងចម្បងពីរយ៉ាង៖

១. ណែនាំការរៀបចំផែនការកម្មវិធី ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ ២០២៤-២០៣០ នៅខេត្តព្រះសីហនុ។
២. ពង្រឹងសមត្ថភាពគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្តព្រះសីហនុក្នុងការតាមដាន និងអនុវត្តកម្មវិធីសកម្មភាព ICPD។

សិក្ខាសាលានេះផ្តល់ការណែនាំអំពីការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ ២០២៤-២០៣០ និងការតាមដានកម្មវិធីសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ដល់គណៈកម្មាធិការខេត្តព្រះសីហនុ ជាពិសេសក្នុងការរៀបចំផែនការសកម្មភាពសម្រាប់ត្រួតពិនិត្យការអនុវត្តនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា វេទិកាពិភាក្សានេះគឺសំខាន់ក្នុងការរកវិធីសាស្ត្រសមស្រប ដើម្បីជំរុញ និងពន្លឿនការអនុវត្ត ICPD PoA នៅថ្នាក់ក្រោមជាតិ និងធានាថា ការប្តេជ្ញាចិត្តនៃយើងគិតគូរយ៉ាងសម្បូរបែបលើបញ្ហាដែលប្រឈមមុខ ដូចជា បម្លែងប្រជាសាស្ត្រ ទេសន្តរប្រវេសន៍ នគរូបនីយកម្ម ការអប់រំ សុខភាព សេដ្ឋកិច្ច និងការងារ យេនឌ័រ យុវវ័យ និងការចូលវ័យចាស់។

អត្ថបទ៖ ប៉ៃ សុឃីម | រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…