ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកសារព័ត៌មានអន្តរជាតិ២០រូបយកព័ត៌មានពីប្រតិបត្តិការប្រឆាំងឆបោកនៅភ្នំពេញ

KPS99TV

សេចក្តីសង្ខេប

របាយការណ៍ថា ប្រតិបត្តិការថ្ងៃទី១០ ខែមីនា នៅខុនដូហ្គោលឌិន វ័ន បានឃាត់ខ្លួនជនសង្ស័យ៦៥នាក់ និងដកហូតឧបករណ៍ ខណៈអ្នកសារព័ត៌មានអន្តរជាតិបានចុះយកព័ត៌មាន។

ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិចំនួន២០រូប មកពីស្ថាប័នព័ត៌មានល្បីៗលើពិភពលោក បានចុះយកព័ត៌មាន និងផ្ដិតយករូបភាពផ្ទាល់ពីប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅទីតាំងមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

អ្នកសារព័ត៌មានទាំងនេះ មកពីស្ថាប័នព័ត៌មានអន្តរជាតិធំៗ ដូចជា Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, Nippon Media របស់ប្រទេសជប៉ុន និង European Pressphoto Agency (EPA) ដែលបានចុះទៅកាន់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរាយការណ៍ពីប្រតិបត្តិការបង្ក្រាបជាក់ស្តែងរបស់អាជ្ញាធរកម្ពុជា។

ទីតាំងដែលត្រូវបានបង្ក្រាប ស្ថិតនៅក្នុងខុនដូ “ហ្គោលឌិន វ័ន” អគារលេខ៤១ ជាន់ទី៣០ លើផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ករណីនេះត្រូវបានសមត្ថកិច្ចដាក់ពេលវេលាស្រាវជ្រាវអស់រយៈពេលមួយរយៈ បន្ទាប់ពីសង្ស័យថាមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលចាប់ផ្តើមដំណើរការតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៦។

បន្ទាប់ពីការស្រាវជ្រាវយ៉ាងម៉ត់ចត់ សមត្ថកិច្ចជំនាញបានចុះបង្ក្រាបទីតាំងនេះ កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់ ក្នុងនោះមានស្ត្រី ២៧នាក់ ដែលរួមមានជនជាតិចិន និងជនជាតិខ្មែរ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រ All-in-One ចំនួន ៨៩គ្រឿង, ម៉ូនីទ័រ ១គ្រឿង, CPU ១គ្រឿង និងទូរស័ព្ទដៃចំនួន ៣៨៤គ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងសកម្មភាពឆបោក។

ប្រតិបត្តិការនេះត្រូវបានអនុវត្តក្រោមបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌបឹងកេងកង ក្រោមការសម្របសម្រួលផ្នែកនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមការសន្និដ្ឋានបឋម សមត្ថកិច្ចបានរកឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់ប្រទេសផ្សេងៗ តាមរយៈការលួងលោមជនរងគ្រោះឱ្យវិនិយោគក្នុងគម្រោងក្លែងក្លាយ និងការបោកបញ្ឆោតក្នុងទំនាក់ទំនងស្នេហាតាមអនឡាញ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចជំនាញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់ និងពង្រីកការស្រាវជ្រាវស្វែងរកមេខ្លោងពាក់ព័ន្ធ។

គួរបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam សរុបចំនួន ៦៥ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៨៨៧នាក់ ក្នុងនោះស្ត្រី ២៣៣នាក់។ ក្នុងចំណោមនេះ មានជនបរទេសចំនួន ៥៥៦នាក់ មកពី ១៦សញ្ជាតិផ្សេងគ្នា។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីប្រទេសកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាទីកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ឬសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនឡើយ ហើយបុគ្គលណាដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់យ៉ាងតឹងរឹង ដោយគ្មានការលើកលែង។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…