ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កិច្ចព្រមព្រៀងស្វាយចន្ទីទៅចិនមានតម្លៃដំបូង៣៥លានដុល្លារ និងគោលដៅ៤០០លានដុល្លារ

KPS99TV

សេចក្តីសង្ខេប

នៅជំនួបថ្ងៃទី១១ ខែមីនា លោក សំហេង បូរ៉ា បានធ្វើជាសាក្សីការចុះ MoU ផ្គត់ផ្គង់ស្វាយចន្ទី M23 ទាំងសំបក ដោយភាគីមានផែនការពង្រីកទំហំនាំចេញនាពេលខាងមុខ។

ភ្នំពេញ៖ កម្ពុជា ត្រៀមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបកទៅកាន់ទីផ្សារប្រទេសចិនក្នុងតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង ខណៈភាគីពាក់ព័ន្ធបានដាក់គោលដៅពង្រីកទំហំពាណិជ្ជកម្មនេះឱ្យឈានដល់ប្រមាណ ៤០០លានដុល្លារអាមេរិកនាពេលខាងមុខ។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាសដែល ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានអនុញ្ញាតឱ្យលោក Jiang Xiaofei នាយកគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ (CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និងតំណាងក្រុមហ៊ុន Men Sarun MDR Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ជំនួបនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ដោយផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ព្រមទាំងស្វែងរកឱកាសថ្មីៗក្នុងការជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន និងបានផ្លាស់ប្តូរយោបល់យ៉ាងសកម្មអំពីការពង្រឹងវិស័យកសិ-ឧស្សាហកម្ម និងការអភិវឌ្ឍខ្សែចង្វាក់តម្លៃ ដែលជាចំណុចសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា» រវាងក្រុមហ៊ុន China Bonded Port Group Co., Ltd. និងក្រុមហ៊ុន Men Sarun MDR Co., Ltd.។

ក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជា នឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីប្រភេទ M23 ទាំងសំបក ទៅកាន់ទីផ្សារចិន ក្នុងតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក ជាជំហានដំបូង ខណៈភាគីទាំងពីរមានគោលបំណងពង្រីកទំហំនាំចេញបន្ថែម ដោយរំពឹងថាអាចឈានដល់តម្លៃប្រមាណ ៤០០លានដុល្លារអាមេរិកនាពេលអនាគត។

សមិទ្ធផលនេះ ត្រូវបានចាត់ទុកថាជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងារជំរុញការនាំចេញ (EPTF) នៃក្រសួងពាណិជ្ជកម្ម ដែលបានដើរតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់អ្នកនាំចេញកម្ពុជា ជាមួយអ្នកទិញអន្តរជាតិដែលមានសក្តានុពល។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែជួយពង្រឹងទីផ្សារនាំចេញស្វាយចន្ទីកម្ពុជាទៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជា ដើម្បីពង្រីកវិស័យកែច្នៃ និងបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលកសិកម្មជាតិ បើកទ្វារទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ៕
ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…