កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ ព័ត៌មានរបស់ថៃបានស្រង់សំដីរបស់រដ្ឋមន្ត្រីការបរទេសថៃ មកផ្សាយថា សម្តេចធិបតីបានបង្ហោះសារថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយបុណ្យចូលឆ្នាំថ្មី។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ត្រង់ចំណុចនេះថា៖ សម្តេចធិបតីពុំដែលបានមានប្រសាសន៍តាមបណ្តាញសង្គម អំពីការបន្តការចរចាតាមយន្តការJBCនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ។
ជំហររបស់កម្ពុជា គឺការអនុវត្តតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការ JBC អាចធ្វើការងារឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែង ដោយមិនរង់ចាំដល់ក្រោយបុណ្យចូលឆ្នាំថ្មី។
ចាប់តាំងពីមានបទឈប់បាញ់លើកទី២ មករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជា បានដាក់សំណើរ ៥លើកហើយ ដើម្បីស្នើឱ្យថៃចាត់ក្រុមការងារវាស់វែងចម្រុះ ចុះធ្វើការងារលើដីជាក់ស្តែង៕ អត្ថបទ៖ ឡាយ កុល










