គម្រោងវិនិយោគចំនួន១០៥គម្រោងមានតម្លៃទុនជាង ៩៦៦លានដុល្លារអាម៉េរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) អនុម័តក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦នេះ ដែលអាចបង្កើតការងារជូនពលរដ្ឋបានចំនួន៣៩ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ចេញនៅថ្ងៃទី១១ ខែមីនា។
ដោយឡែក ការចុះបញ្ជីក្នុងខែកុម្ភៈ មានចំនួន៤២គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោងចំនួន ១៨ ត្រូវបានចុះបញ្ជីដោយ CDC ក្នុងនោះក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៩គម្រោង និងគម្រោងចំនួន ២៤ទៀត ត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។
គម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ មានដូចជា គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប, ផលិតកេសកាតុងនិងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតសម្ភារបោះជំរំ, កែច្នៃសំណប៉ាហាំង, ផលិតក្តារបន្ទះ, ផលិតចំហៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុគីមី, ផលិតដើមណូអែល, ផលិតនិងផ្តុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្គុំបន្ទះសូឡានិងគ្រឿងបង្គុំបរិក្ខារអគ្គិសនី។ល។
ក្នុងរបាយការណ៍បានបង្ហាញថា ប្រភពទុនវិនិយោគធំជាងគេសម្រាប់រយៈពេល២ខែដើមឆ្នាំ២០២៦នេះ គឺប្រទេសចិន មានរហូតដល់ ៤៧,១៧ភាគរយ បន្ទាប់មកកម្ពុជា មាន ២២,១៦ភាគរយ, ម៉ាឡេស៊ី ២០,៦៨ភាគរយ, សិង្ហបុរី ៥,០៤ភាគរយ និងមានបណ្តាប្រទេសផ្សេងៗទៀត។ ដោយឡែក សម្រាប់តែខែកុម្ភៈ គឺចិននៅតែបន្តឈរនៅលំដាប់លេខរៀងទី១ដដែល ដែលមានទុនវិនិយោគរហូតដល់ ៨៥,២៨ភាគរយ កម្ពុជាមាន ៦,១០ភាគរយ កោះ Samoa ៣,៣៥ភាគរយ សហរដ្ឋអាម៉េរិក ៣,០១ភាគរយ និងសិង្ហបុរី ២,២៦ភាគរយ៕
ដោយ៖ ង៉ែត ពិសាន្ត









