មេពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់នៅក្នុងលិខិតសម្រេចរបស់ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបាននៅថ្ងៃទី១៣ ខែមីនា។
ក្នុងលិខិត បានសម្រេចផ្អាកមុខងារលោក លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងម្នាក់ ប្រធានការិយាល័យប្រតិបត្តិម្នាក់ អនុប្រធានការិយាល័យប្រតិបត្តិម្នាក់ និងប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំម្នាក់។
ការផ្អាកតួនាទីជាបណ្តោះអាសន្នមេពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី៣នាក់នេះ ដោយសារបែកធ្លាយព័ត៌មាននៅលើបណ្តាញសង្គមថា នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បានអនុញ្ញាតឱ្យអ្នកជាប់ឃុំឃាំងអាចប្រើប្រាស់ទូរស័ព្ទបានជាថ្នូរនឹងប្រាក់ខ្ទង់ពាន់ដុល្លារ។ យ៉ាងណា កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៤ លោក លីម វាសនា ក៏ធ្លាប់បានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្នម្តងរួចមកហើយ៕
ដោយ៖ ង៉ែត ពិសាន្ត









