ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកការចោទប្រកាន់ពាក់ព័ន្ធព្រំដែនជូនអ្នកសម្របសម្រួលUN

KPS99TV

សេចក្តីសង្ខេប

ឯកឧត្តម កែវ រ៉េមី ជួបលោកជំទាវ Vladanka Andreeva ថ្ងៃទី១២ ខែមីនា ខណៈអ្នកសម្របសម្រួលបង្ហាញក្តីបារម្ភអំពីផលប៉ះពាល់នៃជម្លោះ។

កាលពីថ្ងៃទី១២ ខែមីនា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានប្រាប់លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាអំពីស្ថានភាពជាក់ស្ដែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះ មានទាំងការរើសអើង និងការប្រើអំពើហិង្សាលើពលករខ្មែរ ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្រ្តីពលករកម្ពុជាពីសំណាក់កងទ័ពថៃ ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗដែលបង្កការប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន។

ឯកឧត្តម កែវ រ៉េមី បានអះអាងថា ក្រៅតែពីទង្វើទាំងនេះ ក៏មានការវាយប្រហារមិនរើសគោលដៅពីសំណាក់យោធាថៃទាំងប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។ ហើយក៏មានការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃថែមទៀត។

ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា ក្រៅពីនេះទៀត យោធាថៃបានព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពានដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៤០ ០០០នាក់មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។ ទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានទេសរដ្ឋមន្ត្រី កែវ រ៉េមី ពន្យល់ថា បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។

លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិបានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពជម្លោះដែលបានកើតឡើងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបង្កផលប៉ះពាល់ដល់ពលករទេសន្តប្រវេសន៍ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ លោកជំទាវថា ជម្លោះតែងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជន និងការអភិវឌ្ឍសង្គម ដោយលោកជំទាវសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែថែរក្សា និងច្បាប់អន្តរជាតិត្រូវតែគោរព៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…