ក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម ដឹកនាំដោយ លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម នៃក្រសួង បន្ទាប់ពីបានអនុវត្តនីតិវិធីជាបន្តបន្ទាប់ និងបានបញ្ចប់ការដោះស្រាយជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលជាអគារមានហានិភ័យ និងស្ថិតក្នុងសភាពគ្រោះថ្នាក់មួយ នៅរាជធានីភ្នំពេញ។
ក្រោយបញ្ចប់ដំណើរការដោះស្រាយនេះ ក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីចាប់ផ្តើមរៀបចំអនុវត្តនីតិវិធីក្នុងការរុះរើអគារនោះ។
ជាមួយគ្នានេះ លោកជំទាវ សេរី សូរិយា ក៏បានអញ្ជើញដឹកនាំសម្របសម្រួលជាមួយក្រុមហ៊ុនពិគ្រោះបច្ចេកទេស ចុះពិនិត្យទីតាំងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ និងសំណង់ជិតខាងចំនួន២ទីតាំង ដើម្បីរៀបចំអនុវត្តនីតិវិធីរុះរើ។
សកម្មភាពនេះ មានការចូលរួមពីលោកជំទាវ ភឹម រុនស៊ីណារតន៍ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ ព្រមទាំង លោក យ៉ា សាដេត ទីប្រឹក្សាក្រសួង លោកអភិបាលរងខណ្ឌដូនពេញ ក្រុមការងារធនាគារ Maybank ក្រុមការងារសំណង់អគារចាស់ទ្រុឌទ្រោម និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។ ដោយ៖ ប៉ៃ សុឃីម













