ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលរងកំពង់ស្ពឺព្រមានមន្ត្រីពន្ធនាគារមិនឱ្យប្តូរបទល្មើសនឹងផលប្រយោជន៍

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក តូច ប៉ូលីវ៉ា បានចុះពិនិត្យពន្ធនាគារខេត្តថ្ងៃទី១២ ខែមីនា ដោយណែនាំរឹតបន្តឹងការត្រួតពិនិត្យទូរស័ព្ទ វត្ថុហាមឃាត់ និងការចេញចូលសួរសុខទុក្ខជនជាប់ឃុំ។

អភិបាលរងខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តទាំងអស់ មិនត្រូវពាក់ព័ន្ធ ឬប្រព្រឹត្តបទល្មើសណាមួយ ជាថ្នូរនឹងផលប្រយោជន៍ឡើយ ជាពិសេសការផ្តល់ទូរស័ព្ទឱ្យជនជាប់ឃុំប្រើប្រាស់។ ក្នុងករណីរកឃើញថាមានការពាក់ព័ន្ធ ច្បាប់នឹងមិនលើកលែងឱ្យឡើយ។

លោក តូច ប៉ូលីវ៉ា បានលើកឡើងដូចនេះ ក្នុងឱកាសដឹកនាំក្រុមការងាររដ្ឋបាលខេត្ត រួមជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថ ចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ជនជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យតាមបន្ទប់ឃុំឃាំង លោកអភិបាលរងខេត្ត និងក្រុមការងារ បានធ្វើការឆែកឆេរ និងត្រួតពិនិត្យកន្ត្រកដាក់សម្លៀកបំពាក់របស់ជនជាប់ឃុំទាំងអស់ ដើម្បីស្វែងរកវត្ថុហាមឃាត់ដែលអាចត្រូវបានលាក់ទុកសម្រាប់ប្រើប្រាស់។

លោកបានបញ្ជាក់ថា ការត្រួតពិនិត្យនេះធ្វើឡើងក្រោយមានព័ត៌មានថា នៅពន្ធនាគារខេត្តមួយចំនួន មានករណីជនជាប់ឃុំប្រើប្រាស់ទូរស័ព្ទដៃ លេងបណ្តាញសង្គម ដូចជា Facebook ប្រើប្រាស់គ្រឿងញៀន និងផឹកស៊ីជាដើម។

ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងបញ្ចៀសបញ្ហាប្រឈមនានា លោកបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ បន្តតាមដាន និងត្រួតពិនិត្យស្ថានភាពគ្រប់គ្រង និងជីវភាពរស់នៅរបស់អ្នកទោស ឱ្យមានសណ្តាប់ធ្នាប់ល្អ និងបង្ការការកើតមានបាតុភាពខុសប្រក្រតី។

ជាមួយគ្នានេះ ត្រូវរឹតបន្តឹងការត្រួតពិនិត្យចំពោះអ្នកចេញចូលសួរសុខទុក្ខជនជាប់ឃុំ និងត្រូវឆែកឆេររាល់បញ្ញើដែលក្រុមគ្រួសារនាំចូលមកក្នុងពន្ធនាគារ ដើម្បីធានាថា មិនមានវត្ថុហាមឃាត់ណាមួយត្រូវបាននាំចូល ឬប្រគល់ដល់ជនជាប់ឃុំឡើយ។ ព្រមទាំងបន្តរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងពន្ធនាគារ ដើម្បីធានាផាសុកភាពដល់ជនជាប់ឃុំ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នចំនួនជនជាប់ឃុំមានការកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មានជនជាប់ឃុំសរុបចំនួន ៣,១០០នាក់ ក្នុងនោះស្ត្រី ១៩៤នាក់ និងកុមារតាមម្តាយ ៧នាក់ (ស្រី ៤នាក់)។

ចំពោះកំណើននៃជនជាប់ឃុំនេះ ភាគច្រើនពាក់ព័ន្ធនឹង បទល្មើសគ្រឿងញៀន និងក្មេងទំនើង ដែលមានចំនួនជាង ២,០០០នាក់ ក្នុងចំណោមចំនួនសរុបនៃជនជាប់ឃុំ។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…