ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាតវ៉ាចំពោះសំណង់យោធាថៃដែលក្រសួងការបរទេសថាស្ថិតក្នុងទឹកដីកម្ពុជា

KPS99TV

សេចក្តីសង្ខេប

ក្រសួងការបរទេសថ្ងៃទី១៣ ខែមីនា បានតវ៉ាចំពោះការសាងសង់និងជីកកកាយនៅតំបន់ព្រះវិហារ និងឧត្តរមានជ័យ ដោយលើកឡើងពីអធិបតេយ្យភាព សាលក្រមអន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។

នៅថ្ងៃទី១៣ ខែមីនានេះ កម្ពុជាបានប្រកាសតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃដោយបានសាងសង់ និងជីកកកាយនៅលើពយភ្នំប្រាសាទព្រះវិហារ ផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ នៅតំបន់បុស្សស្បូវ-ជាំតែ ខេត្តព្រះវិហារ និងនៅតំបន់ប្រាសាទតាក្របី នៅតំបន់ជប់អង្គញ់ រួមទាំងដើមត្រាង នៃខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅចន្លោះថ្ងៃទី២៣និងថ្ងៃទី២៥ ខែកុម្ភៈ បុគ្គលិកយោធា និងជនស៊ីវិលថៃបានសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។

ក្រោយមកទៀត កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារសាងសង់នេះដែលបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។

រហូតដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលកងកម្លាំងថៃបានតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។

ក្រសួងការបរទេសកម្ពុជា អះអាងថា សកម្មភាពដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺផ្ទុយនឹងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ ទន្ទឹមគ្នា ក៏ផ្ទុយនឹងមាត្រា ៥នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…