ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងសុខាភិបាលរាយការណ៍ករណី H5N1 លើស្ត្រីអាយុ៤៥ឆ្នាំនៅបន្ទាយមានជ័យ

KPS99TV

សេចក្តីសង្ខេប

ស្ត្រីម្នាក់ត្រូវបានបញ្ជាក់វិជ្ជមាននៅថ្ងៃទី១៤ ខែមីនា ហើយកំពុងទទួលការព្យាបាលដាច់ដោយឡែក ខណៈក្រុមជំនាញស្រាវជ្រាវប្រភពនិងអ្នកប៉ះពាល់។

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមីនា បានរាយការណ៍ថា រកឃើញជំងឺផ្តាសាយបក្សី បានកើតលើស្ត្រីវ័យ ៤៥ឆ្នាំម្នាក់ លំនៅក្នុងភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រសួងអះអាងថា ស្រ្តីរូបនេះ ត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ H5N1 នៅថ្ងៃទី១៤ ខែមីនា ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ បន្ទាប់ពីមានការរាយការណ៍អំពីករណីមាន់ ទាឈឺ និងងាប់នៅភូមិកើតហេតុខាងលើ។

អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលដោយឱសថតាម៊ីហ្លូ (Tamiflu) ព្រមទាំងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ បើតាមក្រសួងសុខាភិបាល តាមការសាកសួរបង្ហាញថា អ្នកជំងឺមានចិញ្ចឹមមាន់ និងទាកាប៉ា ដែលក្នុងនោះមានមាន់ឈឺ និងងាប់មួយចំនួន។ ៣ថ្ងៃមុនពេលរកឃើញវិជ្ជមាន គាត់បានប៉ះពាល់មាន់ដែលងាប់នោះ។

វិធានការចំពោះមុខ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស ព្រមទាំងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។ ក្រៅពីនេះ ក៏មានការចែកជូនឱសថតាមីហ្វ្លូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើទៀតផង។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល និងកុំទៅជួបជុំឬទីប្រជុំជន៕

ដោយ៖ ង៉ែត ពិសាន្ត

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…