ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងកសិកម្មឱ្យមន្ទីររាជធានី-ខេត្តជួយសម្រួលការផ្គត់ផ្គង់និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈដល់កសិករ

KPS99TV

សេចក្តីសង្ខេប

មន្ទីរកសិកម្មរាជធានី-ខេត្តត្រូវតាមដាននិងសម្របសម្រួលការផ្គត់ផ្គង់និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ជួយកសិករដោះស្រាយការលំបាក និងណែនាំការផ្ទុកដោយសុវត្ថិភាព។

ដើម្បីដោះស្រាយក្តីបារម្ភរបស់ប្រជាកសិករឬសហគមន៍កសិកម្ម ជុំវិញតម្រូវការផ្គត់ផ្គង់និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការណែនាំឱ្យគ្រប់មន្ទីរកសិកម្មរាជធានី-ខេត្ត ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង ឧស្ម័នឥន្ទនៈជូនប្រជាកសិករ និងសហគមន៍កសិកម្ម។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ខ្លួនបានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងក្តីបារម្ភរបស់ប្រជាកសិករ ឬសហគមន៍កសិកម្ម។ ក្នុងនោះ ក្រសួងបានឱ្យប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ ត្រូវបន្តតាមដាននិងចូលរួមសម្របសម្រួលលើស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តរបស់ខ្លួន។ ចំពោះតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ត្រូវអនុវត្តតាមតារាងតម្លៃដែលចេញផ្សាយដោយក្រសួងរ៉ែ និងក្រសួងពាណិជ្ជកម្ម។

បើតាមក្រសួងកសិកម្ម ត្រូវសម្របសម្រួលដោះស្រាយឱ្យបានឆាប់រហ័សក្នុងករណីប្រជាកសិករ ឬសហគមន៍កសិកម្មមានបញ្ហាប្រឈម និងការលំបាកក្នុងការទទួលបានប្រេងឥន្ធនៈ ហើយចូលរួមសហការផ្សព្វផ្សាយដល់ប្រជាកសិករ ឬសហគមន៍កសិកម្មអំពីការប្រើប្រាស់មធ្យោបាយផ្ទុក (ប៊ីដុង ឬកាន) ក្នុងកម្រិតចំណុះដែលមានសុវត្ថិភាព និងធានាការពារកុំឱ្យមានហានិភ័យឆាបឆេះធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។  ក្នុងករណីពិនិត្យឃើញថា មានបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ និងមានការដំឡើងថ្លៃខុសប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់មកអគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម ដើម្បីមានវិធានការជាបន្ទាន់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…