ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងកសិកម្មដាក់ចេញវិធានការបន្ទាន់លើប្រេងឥន្ធនៈនិងជីកសិកម្ម

KPS99TV

សេចក្តីសង្ខេប

លោក ឃឹម ហ្វីណង់ បានបង្ហាញនៅថ្ងៃទី១៥ ខែមីនា អំពីការសម្របសម្រួលផ្គត់ផ្គង់ប្រេង និងការជួបអ្នកផ្គត់ផ្គង់ជី ខណៈសម្ពាធតម្លៃអន្តរជាតិនៅតែមាន។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែមីនា បញ្ជាក់ថា ក្រសួងបានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាកសិករជុំវិញបញ្ហាប្រេងនិងបញ្ហាជីកសិកម្ម។ ការដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់បែបនេះ ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាបានធ្វើឱ្យប៉ះពាល់វិស័យកសិកម្ម ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ។

អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសរំលេចថា វិធានការអន្តរាគមន៍ទី១. ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ ដោយឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរួមគ្នាជួយធានាការផ្គត់ផ្គង់ប្រេងគាំទ្រដល់វិស័យកសិកម្ម។ ក្នុងនោះក្រសួង បានដាក់ចេញសេចក្តីណែនាំដល់មន្ទីរកសិកម្មនៅទូទាំងប្រទេសឱ្យតាមដានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងសហការជាមួយមន្ទីររ៉ែនិងថាមពល ក៏ដូចជាមន្ទីរពាណិជ្ជកម្ម ដើម្បីផ្តល់ការអន្តរាគមន៍ភ្លាមៗ បើមានការឡើងថ្លៃខុសប្រក្រតី ឬក៏មានការខ្វះខាតការផ្គត់ផ្គង់ប្រេង។

វិធានការអន្តរាគមន៍ទី២. ពាក់ព័ន្ធនឹងបញ្ហាជីកសិកម្ម គឺក្រសួងបានជួបប្រជុំជាមួយក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មធំៗមួយចំនួន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី និងបានវាយតម្លៃជាបឋមថា កម្ពុជានឹងមិនមានបញ្ហាខ្វះខាតជីកសិកម្មទេ ជាពិសេសសម្រាប់ប្រភេទជីអ៊ុយរ៉េដែលរងផលប៉ះពាល់ខ្លាំងជាងគេ តែអាចនឹងប្រឈមនឹងការកើនឡើងនៃថ្លៃបណ្តាលមកពីសម្ពាធទីផ្សារសកល។ ក្រសួងទទូចឱ្យក្រុមហ៊ុនរក្សាតម្លៃក្នុងកម្រិតសមរម្យមួយ ដែលអាចទទួលយកបានសម្រាប់ប្រជាកសិករនារដូវដាំដុះខាងមុខ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…