ទឹកដីកោះសំរោងដ៏សែនមនោរម្យ បង្ហាញឱ្យឃើញអត្តសញ្ញាណជីវភាពរស់នៅរបស់ប្រជាជនតាមភូមិដ៏ទាក់ទាញ។ ក្នុងនោះ រួមមានរបររកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា ការប្រមូលផលទឹកឃ្មុំពីផ្កាគរ ដែលមានចំការគរដ៏ធំទូលាយ ហើយនៅក្នុងរដូវនេះ ប្រជាពលរដ្ឋក៏កំពុងដាំដុះដើមថ្នាំជក់ផងដែរ។ បច្ចុប្បន្ន លើដែនកោះនេះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ អគ្គិសនី និងប្រព័ន្ធទឹក បានប្រសើរឡើងយ៉ាងច្បាស់លាស់។
កោះសំរោង គឺជាឃុំមួយក្នុងចំណោមឃុំទាំង ១៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវបានហ៊ុមព័ទ្ធដោយទឹកទន្លេមេគង្គ មានផ្ទៃដីសរុប ២,៩៩៧ ហិកតា។
កោះសំរោង ជាកោះតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេ។ តំបន់នេះមានការយកចិត្តទុកដាក់លើបរិស្ថាន និងមានទិដ្ឋភាពរស់រវើកនៃសកម្មភាពប្រចាំថ្ងៃ រួមមាន ការប្រមូលផលអនុផលទឹកឃ្មុំ របរដាំដើមថ្នាំជក់នៅរដូវវស្សា ក៏ដូចជាការនេសាទតាមដងទន្លេមេគង្គ។ ជាពិសេស កោះមានឆ្នេរខ្សាច់ធំទូលាយ សមស្របសម្រាប់ទេសចរណ៍ ការបោះតង់ និងការសម្រាកកម្សាន្ត ជាមួយនឹងទិដ្ឋភាពភូមិសាស្ត្រដ៏ស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់ប្រកបដោយផាសុខភាព៕
ដោយ៖ ប៉ៃ សុឃីម
រូបភាព៖ AMS


















