ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឃាត់ខ្លួនជនសង្ស័យបរទេស៩នាក់នៅទីតាំងល្បែងអនឡាញសង្ស័យក្នុងបុរីប៉េងហួត

KPS99TV

សេចក្តីសង្ខេប

ប្រតិបត្តិការថ្ងៃទី១៨ ខែមីនា នៅសង្កាត់និរោធ ដកហូតទូរស័ព្ទ២៤៧គ្រឿង និងឧបករណ៍ផ្សេងៗ ខណៈការស៊ើបអង្កេតល្បែងអនឡាញ និងការឆបោកឆ្លងដែនបន្ត។

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះក្រោមការសម្របសម្រួលរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យមួយពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងអនឡាញខុសច្បាប់ នៅក្នុងបុរីប៉េងហួត ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន៩នាក់ រួមមានជនជាតិចិន ៨នាក់ និងជនជាតិម៉ាឡេស៊ី ១នាក់ ខណៈដែលវត្ថុតាងបច្ចេកទេសជាច្រើនត្រូវបានដកហូត ដូចជា ទូរសព្ទដៃចំនួន ២៤៧គ្រឿង កុំព្យូទ័រ All-in-One ចំនួន ៨គ្រឿង ធុង CPU ចំនួន ២គ្រឿង និងម៉ូនីទ័រ ២គ្រឿង។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការ។

តាមការសន្និដ្ឋានបឋម សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងខាងលើ គឺជាគន្លងប្រតិបត្តិការល្បែងស៊ីសងអនឡាញដែលមានបណ្តាញឆបោកឆ្លងដែន ដោយផ្តោតលើជនរងគ្រោះនៅក្រៅប្រទេស រួមមានម៉ាឡេស៊ី សិង្ហបុរី និងចិន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ និងស៊ើបអង្កេតបន្ថែម ក្នុងគោលបំណងកំណត់អត្តសញ្ញាណមេខ្លោងពាក់ព័ន្ធ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តបង្កើនវិធានការយ៉ាងតឹងរ៉ឹង ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្តេជ្ញាលុបបំបាត់ឱ្យអស់នៅក្នុងប្រទេសកម្ពុជានៅមុនខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

សម្តេចធិបតីបានអះអាងយ៉ាងច្បាស់ថា កម្ពុជា មិនអនុញ្ញាតឱ្យក្លាយជាទីជម្រករបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ឬបណ្តាញឆបោកឆ្លងដែនឡើយ ហើយអ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។

ដោយ៖ KPS99TV

ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

មតិយោបល់

កំពុងផ្ទុកមតិយោបល់…