ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការប្រកួតឡាតេអាតកម្ពុជា-ចិនគ្រោងធ្វើថ្ងៃទី២៨–២៩ ខែមីនា នៅភ្នំពេញ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អ្នករៀបចំបានប្រកាសក្នុងសន្និសីទថ្ងៃទី១៨ ខែមីនា ថាព្រឹត្តិការណ៍នៅ Oakwood Premier Phnom Penh មានគោលដៅលើកកម្ពស់ជំនាញសេវាកម្ម និងកាហ្វេក្នុងស្រុក។

កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។

ក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៦។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា គោលបំណងនៃការប្រកួតនេះ គឺដើម្បីលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់លើការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ “ពីគ្រាប់កាហ្វេ ដល់ពែងកាហ្វេ” (From Bean to Cup) ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិន។ ស្របជាមួយគ្នានេះ ការចូលរួមឧបត្ថម្ភពី គិរីកាហ្វេ (Kiri Coffee) ដែលជាម៉ាកយីហោកាហ្វេខ្មែរឈានមុខគេមួយ គឺជាសក្ខីភាពនៃការគាំទ្រដល់ផលិតកម្មកាហ្វេក្នុងស្រុក និងការជំរុញតម្លៃគ្រាប់កាហ្វេខ្មែរឱ្យមានភាពលេចធ្លោក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។

សូមបញ្ជាក់ថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ (1st International Championships Latte Art – ICLA) ដែលមានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន ICLA របស់ប្រទេសចិន៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…