ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន គឺផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរចិន និងអន្តរជាតិអញ្ជើញមកដល់កម្ពុជា

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សេវាកម្មធនាគារចិនសាខាភ្នំពេញដាក់ឱ្យដំណើរការថ្ងៃទី១៨ ខែមីនា ហើយរដ្ឋមន្ត្រី ហួត ហាក់ ថានឹងសម្រួលការទូទាត់របស់ភ្ញៀវ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ជូនដល់អង្គពិធី និងភ្ញៀវទេសចរចិន និងអន្តរជាតិថា ការធានាផ្តល់ជូននូវសុខសុវត្ថិភាព និងសន្តិសុខដល់ភ្ញៀវទេសចរអន្តរជាតិ និងធុរជនបរទេសដែលកំពុងស្នាក់នៅ ទស្សនា និងធ្វើដំណើរនៅកម្ពុជាជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអ្នកដឹកនាំបន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងដូចនេះក្នុងពិធីដាក់ឱ្យដំណើរការ “សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន” ដែលរៀបចំឡើងដោយធនាគារ Bank of China សាខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា, លោក Sun Yu នាយកប្រតិបត្តិនៃធនាគារ Bank of China (Hong Kong) លោក អ៊ុក សារ៉ាត់ តំណាងធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសមកពីស្ថាប័នរដ្ឋ ឯកជន ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ហិរញ្ញវត្ថុ និងដៃគូអាជីវកម្មជាច្រើន នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនេះ គណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ល្អក្នុងការបង្កើតបណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិនដែលផ្តល់នូវភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរ ឬ អ្នកធ្វើដំណើរចិន ឬ អន្តរជាតិដែលអញ្ជើញមកដល់កម្ពុជា អាចធ្វើការទូទាត់ប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធ QR ជាធម្មតា។ ការផ្តល់សេវាកម្មនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត និងគួរជាទីមោទនៈរបស់រដ្ឋាភិបាលកម្ពុជា និងចិនលើការធ្វើបរិវត្តកម្មឌីជីថលលើផ្នែកទេសចរណ៍ ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ឆ្លងប្រទេស (QR) ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកជាអាទិភាព ដែលមានគោលដៅរួមគឺការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ និងជាយន្តការថ្មីជួយបង្កើនសន្ទុះយុទ្ធនាការទេសចរណ៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងបន្តឥតឈប់ឈររបស់ស្ថានទូតចិនប្រចាំកម្ពុជា និងធនាគារចិន សាខាភ្នំពេញ ជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយរបស់ក្រសួងទេសចរណ៍ ក្នុងការជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២៦ នេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…