ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលកំពតណែនាំទប់ស្កាត់ទំនិញហាមឃាត់ពីថៃ និងការត្រឡប់មកវិញនៃឆបោកអនឡាញ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្នុងកិច្ចប្រជុំថ្ងៃទី១៩ ខែមីនា លោក ម៉ៅ ធនិន ជំរុញសហការតាមទឹក និងគោក សម្អាតឆ្នេរ ទប់ស្កាត់ការរំលោភដីដៃព្រែក និងការពារដីរដ្ឋ ដើម្បីគាំទ្រទេសចរណ៍។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ មន្ត្រីជំនាញពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ច ទាំងផ្នែកទឹក និងគោក ត្រូវសហការរួមគ្នាបន្តទប់ស្កាត់ កុំឱ្យមានលំហូរទំនិញហាមឃាត់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកគោក ឬច្រកទឹក ក្នុងភូមិសាស្ត្រខេត្តកំពតជាដាច់ខាត ព្រោះវាជាការប្រមាថមួយដល់ក្រុមគ្រួសារ និងវីរកងទ័ពពលី ដែលបានបូជាជីវិត ដើម្បីការពារសន្តិភាព និងបូរណភាពទឹកដី។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ការសម្អាតអនាម័យបរិស្ថាន សម្អាតតំបន់ឆ្នេរ និងហាមឃាត់រាល់សកម្មភាពរំលោភបំពានយកដីដៃព្រែក ព្រមទាំងរក្សាការពារដីរដ្ឋឱ្យបានល្អប្រសើរ ក្នុងគោលបំណងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងខេត្តកំពតកាន់តែច្រើន ជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រជាជន។

ឯកឧត្តមអភិបាលខេត្ត ថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមបានបន្ថែមថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំង ក្នុងការអនុវត្តភារកិច្ចតួនាទីរបស់ខ្លួន បានល្អប្រសើរ ពិសេសការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍របស់ខេត្ត ដែលជាកត្តាចម្បងរុញច្រានដល់វិស័យផ្សេងៗ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបង្កើតសមិទ្ធផលទេសចរណ៍ ការរក្សាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានល្អប្រសើរ មិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាជន និងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…